នាយករដ្ឋមន្ត្រីកម្ពុជាផ្ដល់អនុសាសន៍៧ចំណុច ដើម្បីជួយតម្រង់ទិសដៅការងាររបស់ក្រសួងផែនការ

នាយក​រដ្ឋមន្ត្រី​នៃកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃអង្គារ ​ទី២៦ ខែធ្នូ ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ថ្នាក់ជាតិ​ស្តីពីលទ្ធផល​ចុង​ក្រោយ ​នៃជំរឿនសេដ្ឋកិច្ចនៅកម្ពុជាឆ្នាំ២០២២។

ជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ ត្រូវបានធ្វើឡើងគោលបំណងចងក្រងស្ថិតិមូលដ្ឋានគ្រឹះ​ស្តីពី​អង្គ​ភាពសេដ្ឋកិច្ច និងបង្កើតបញ្ជីមេនៃអង្គភាពសេដ្ឋកិច្ចនៅកម្ពុជា ដែលផ្តល់នូវព័ត៌មាន​សំខាន់ៗ​ស្តីពីស្ថានភាពនៃសកម្មភាព និងរចនាសម្ព័ន្ធសេដ្ឋកិច្ច ដល់អ្នករៀបចំគោលន​យោ​បាយ អ្នករៀបចំផែនការ អ្នកស្រាវជ្រាវ និងអ្នកពាក់ព័ន្ធដទៃទៀត។ បញ្ជីមេនៃអង្គភាព​សេដ្ឋ​កិច្ច​​ក៏ត្រូវ​បានប្រើប្រាស់ជាបញ្ជីគោលនៃជំរឿនសេដ្ឋកិច្ច និងធ្វើជាបញ្ជីសំណាកគំរូ សម្រាប់​ជ្រើសរើសសំណាកគំរូនៃអង្កេតផ្សេងៗពាក់ព័ន្ធនឹងក្រុមហ៊ុន សហគ្រាសអាជីវកម្ម សិប្បកម្ម ពាណិជ្ជកម្ម និងសេវាកម្ម លើកលែងតែអង្គភាពសេដ្ឋកិច្ចក្នុងវិស័យកសិកម្ម។

នៅក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ថ្នាក់ជាតិខាងលើនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានផ្ដល់អនុសាសន៍៧ចំណុច សំខាន់ៗដើម្បីជួយតម្រង់ទិសដៅការងាររបស់ក្រសួងផែនការ៖

*ទី១-សូមស្នើឱ្យក្រសួងផែនការ ប្រែក្លាយទិន្នន័យជំរឿនសេដ្ឋកិច្ចនេះឱ្យទៅជាព័ត៌មានគ្រប់ជ្រុងជ្រោយ និងច្បាស់លាស់តាមបែបវិទ្យាសាស្ត្រ តាមរយៈការប្រើប្រាស់វិធីសាស្ត្រសមស្រប នៃវិទ្យាសាស្ត្រស្ថិតិ ដើម្បីជាធាតុចូលរឹងមាំសម្រាប់គ្រប់ក្រសួង-ស្ថាប័ន ប្រើប្រាស់ក្នុងការងាររៀងៗខ្លួន ជាពិសេស សម្រាប់ការរៀបចំគោលនយោបាយដោយផ្អែកលើភស្តុតាង និងព័ត៌មាននេះ សម្តេចសូមលើកទឹកចិត្តឱ្យផ្សព្វផ្សាយលទ្ធផលទាំងនេះ ឱ្យបានទូលំទូលាយដល់គ្រប់ ក្រសួង-ស្ថាប័នពាក់ព័ន្ធ។

*ទី២- ក្រសួងផែនការដែលមានវិទ្យាស្ថានជាតិស្ថិតិជាសេនាធិការ ត្រូវបន្តលើកកម្ពស់ ការងារជំរឿនសេដ្ឋកិច្ច និងការអង្កេតសំខាន់ៗពាក់ព័ន្ធនានា ដោយធានាឱ្យបាននូវការប្រមូល ទិន្នន័យដែលមានលក្ខណៈជាតំណាងពិតប្រាកដ នៃបញ្ហាដែលចង់សិក្សាស្វែងយល់ ដើម្បីជាប្រយោជន៍ និង ធាតុចូល សម្រាប់ការងារអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។ ដើម្បីធានាបាននូវភាពតំណាងល្អ, សំណាកគំរូត្រូវរៀបចំឱ្យបានល្អតាមលក្ខណៈវិទ្យាសាស្ត្រស្ថិតិ ដោយប្រើប្រាស់វិធីសាស្ត្រសំណាកគំរូសមស្រប។

*ទី៣- ក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវចូលរួមសហការជាមួយនឹងក្រសួងផែនការក្នុងការធ្វើជំរឿន និងការអង្កេតចាំបាច់នានា ដោយហេតុថា ក្រសួងផែនការ គឺជាស្ថាប័នរដ្ឋដែលមានជំនាញបច្ចេកទេសខ្ពស់ ទទួលបន្ទុកលើការងារប្រមូលទិន្នន័យ, ម្យ៉ាងដើម្បីលើកកម្ពស់ ការងារជំរឿនសង្គម-សេដ្ឋកិច្ចជារួម និង ម្យ៉ាងទៀត ដើម្បីជាធាតុចូលសម្រាប់គ្រប់ ក្រសួង-ស្ថាប័ន យកទៅអនុវត្តការងាររៀងៗខ្លួន ។

*ទី៤- ក្រសួងផែនការ ត្រូវបន្តបង្កើនសមត្ថភាពមន្ត្រីរបស់ខ្លួនជាប្រចាំជាប់មិនដាច់សម្រាប់ ការងារអង្កេត និង ជំរឿនចាំបាច់នានា ព្រមទាំងការងារប្រែក្លាយទិន្នន័យឱ្យទៅជាព័ត៌មាន គ្រប់គ្រាន់សម្រាប់រាជរដ្ឋាភិបាលប្រើប្រាស់ទាន់ពេល ។

*ទី៥-ក្រសួងផែនការ ត្រូវរៀបចំផែនការយុទ្ធសាស្ត្រសម្រាប់ទាក់ទាញ និងកៀរគរ ធនធានមនុស្សដែលមានទេពកោសល្យខ្ពស់ខាងផ្នែកស្ថិតិ និង ការវិភាគស្ថិតិ ទាំងក្នុងស្រុក និង ពីបរទេស សម្រាប់ការងារដ៏សំខាន់របស់ក្រសួង។ ជាមួយគ្នានេះ, ការធ្វើវិភាជន៍ឡើងវិញ នៃធនធានមនុស្សដែលមានស្រាប់ ឱ្យចំជំនាញ ឬ ក្បែរជំនាញឯកទេស នឹងជួយបង្កើនប្រសិទ្ធភាព និង ផលិតភាពការងារ។

*ទី៦- ដោយការប្រើប្រាស់ទិន្នន័យមានសារៈសំខាន់ចំពោះគ្រប់ការងារ និងគ្រប់វិស័យទាំងអស់, សម្តេចស្នើឱ្យគ្រប់ក្រសួង-ស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បណ្តុះបណ្តាលមន្ត្រីរបស់ខ្លួននូវចំណេះដឹងផ្នែកការប្រើប្រាស់ស្ថិតិ ដើម្បីធ្វើយ៉ាងណាឱ្យមន្ត្រីមានសមត្ថភាពសមរម្យក្នុង ការប្រើប្រាស់ស្ថិតិ និងរបកគំហើញ ពីការស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រនានា សម្រាប់ការងាររៀងៗខ្លួន។ សម្តេចបានបញ្ជាក់ថា ការយល់ដឹងពីស្ថិតិមានសារៈសំខាន់, ប៉ុន្តែការចេះប្រើប្រាស់ស្ថិតិឱ្យបានត្រឹមត្រូវ សម្រាប់ការងារប្រចាំថ្ងៃគឺពិតជាមានសារៈសំខាន់មិនអាចខ្វះបាន។

*ទី៧- សូមស្នើឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យលទ្ធភាពបែងចែកធនធានថវិកាសម្រាប់វិនិយោគលើការបណ្តុះបណ្តាលធនធានមនុស្ស និង បង្កើនមូលធនមនុស្ស ដែលបានចង្អុលបង្ហាញនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងសម្រាប់ការយោគលើឧបករណ៍បរិក្ខារបច្ចេកវិទ្យា សមស្របសម្រាប់ក្រសួងផែនការដើម្បីបង្កើនប្រសិទ្ធភាពនៃការអនុវត្តការងារ ក្នុងវិស័យស្ថិតិឱ្យមានប្រសិទ្ធភាពខ្ពស់, មានគុណភាពល្អ និង រហ័សទាន់ពេល៕

អត្ថបទដែលជាប់ទាក់ទង