សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សារព័ត៌មានឌឹខេមបូឌាដេលី ជ្រកក្រោមស្លាកសារព័ត៌មាន តែធ្វើសកម្មភាពថោកទាប

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «សារព័ត៌មានឌឹខេមបូឌាដេលី ជ្រកក្រោមស្លាកសារព័ត៌មាន តែធ្វើសកម្មភាពថោកទាប»

ការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃពុធ ទី២៧ ខែធ្នូ ឆ្នាំ២០២៣នេះ ក្នុងពិធី «សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ថានីយ៍ ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក នៃគម្រោងអភិវឌ្ឍប្រព័ន្ធបង្ហូរទឹកកខ្វក់ ក្នុងរាជធានីភ្នំពេញ» ដែលជាហិរញ្ញប្បទានឥតសំណងរបស់ប្រទេសជប៉ុន។

ក្នុងពិធីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ការដែលសម្តេចចេញប្រតិកម្មលើ​ការ​ផ្សាយបំភ្លៃរបស់ឌឹខេមបូឌាដេលី លើគម្រោងព្រែកជីកហ្វូណន-តេជោ គឺជាការការពារភាពត្រឹមត្រូវរបស់រាជរដ្ឋាភិបាល និងមន្ត្រី។

ជាមួយនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលមិនខ្លាចព័ត៌មានអវិជ្ជមាននោះឡើយ។ ព័ត៌មានអវិជ្ជមាននេះហើយ បានជាមូលដ្ឋានសម្រាប់រាជរដ្ឋាភិបាលដោះស្រាយ។

ទន្ទឹមនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តឱ្យអ្នកសារព័ត៌មានគោរពក្រមសីលធម៌វិជ្ជាជីវៈ ផ្សាយព័ត៌មានពិតគ្រប់ជ្រុងជ្រោយ បើខុសត្រូវហ៊ានកែតម្រូវ៕

អត្ថបទដែលជាប់ទាក់ទង