សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់អាជ្ញាធររាជធានី-ខេត្តត្រូវយកចិត្តទុកដាក់រក្សាសន្តិសុខសណ្តាប់ធ្នាប់ ទប់ស្កាត់ឱ្យបានការប៉ុនប៉ងបង្កចលាចលនានា

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់អាជ្ញាធររាជធានី ខេត្ត ត្រូវយកចិត្តទុកដាក់រក្សាសន្តិសុខសណ្តាប់ធ្នាប់ ទប់ស្កាត់ឱ្យបានការប៉ុនប៉ងបង្កចលាចលនានា។

ការណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃពុធ ទី២៧ ខែធ្នូ ឆ្នាំ២០២៣នេះ ក្នុងពិធី «សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ថានីយ៍ ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក នៃគម្រោងអភិវឌ្ឍប្រព័ន្ធបង្ហូរទឹកកខ្វក់ ក្នុងរាជធានីភ្នំពេញ» ដែលជាហិរញ្ញប្បទានឥតសំណងរបស់ប្រទេសជប៉ុន។

គួរជម្រាបជូនថា គម្រោងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯកនេះ គឺដើម្បីសម្អាតទឹកកខ្វក់បង្ហូរចេញពីតំបន់ជម្រាលជើកឯក ដែលស្ថិតក្នុងកណ្តាលរាជធានីភ្នំពេញ ហើយត្រូវបង្ហូរចូលក្នុងបឹងជើងឯក ស្ថិតនៅប៉ែកខាងត្បូងរាជធានី មុននឹងបង្ហូរចូលទន្លេបាសាក់ ជាមួយនឹងលទ្ធភាពសម្អាតទឹកកខ្វក់ចំនួន ៥,០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ លើផ្ទៃដីប្រមាណ ៣ហិចតា។

គោលបំណងសំខាន់នៃគម្រោងនេះ គឺដើម្បីផ្តល់នូវការចម្រោះទឹកកខ្វក់ក្នុងរាជធានីភ្នំពេញឱ្យបានត្រឹមត្រូវ និងកាត់បន្ថយការបំពុលទឹកក្នុងបឹងជើងឯក ជាពិសេសរួមចំណែកក្នុងការការពារ និងលើកកម្ពស់គុណភាពទឹក អនាម័យ​ និងបរិស្ថានរស់នៅជូនដល់ប្រជាជន ដែលជាចំណែកយ៉ាងសំខាន់សម្រាប់សុខុមាលភាព និងជីវភាពរស់នៅប្រចាំថ្ងៃ។

គម្រោងនេះ​ ត្រូវបានសិក្សា និងបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់រដ្ឋបាលសាលារាជធានីភ្នំពេញ ជាមួយនឹងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) តាមរយៈទំនាក់ទំនងនៃមិត្តភាព និងកិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំរវាងរាជរដ្ឋាភិបាលកម្ពុជា និងជប៉ុន ហើយនឹងក្លាយជា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កម្ពុជា-ជប៉ុន” ប្រកបដោយផ្លែផ្កាយ៉ាងពិតប្រាកដ៕

អត្ថបទដែលជាប់ទាក់ទង