រដ្ឋមន្ត្រី ឈាង រ៉ា៖ សុខភាពផ្លូវចិត្ត គឺជាសមាសធាតុមួយដ៏សំខាន់សម្រាប់សុខភាពរបស់យើងទាំងអស់គ្នា

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បានគូសបញ្ជាក់ថា «សុខភាពផ្លូវចិត្ត គឺជាសមាសធាតុមួយដ៏សំខាន់សម្រាប់សុខភាពរបស់យើងទាំងអស់គ្នា ជាការទទួលខុសត្រូវរបស់យើងគ្រប់គ្នា ហើយក៏ជាធាតុផ្សំដ៏សំខាន់សម្រាប់ធានាឱ្យធនធានមនុស្សដែលមានគុណភាពផងដែរ។ ក្នុងការអភិវឌ្ឍប្រទេសជាតិមួយត្រូវការប្រជាជនដែលមានសុខភាពល្អ រួមបញ្ចូលសុខភាព ផ្លូវចិត្តល្អផងដែរ ដែលការលើកកម្ពស់សុខភាពផ្លូវចិត្ត ពិតជាបានរួមចំណែកក្នុងការកសាងកំណើនសេដ្ឋកិច្ចរបស់បុគ្គល គ្រួសារ និងសង្គមជាតិ»

ការគូសបញ្ជាក់របស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការផែនការយុទ្ធសាស្រ្តសុខភាពផ្លូវចិត្ត ឆ្នាំ២០២៣-២០៣២ នៅថ្ងៃពុធ ទី២៧ ខែធ្នូ ឆ្នាំ២០២៣។

ក្នុងពិធីនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ឈាង រ៉ា  ក៏បានលើកឡើងនូវប្រវត្តិនៃសោកនាដកម្ម ដោយសារសង្គ្រាម ដែលបានធ្វើឱ្យប្រជាជនទូទៅទទួលរងនូវការប៉ះទង្គិចផ្លូវចិត្ត និងឱ្យមានការប៉ះពាល់ដល់មនុស្ស តជំនាន់ ដោយត្រូវយកចិត្តទុកដាក់ផ្នែកសុខភាពផ្លូវចិត្តថែមទៀត។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានរំលឹកផងដែរថា ការដែលមានគោលនយោបាយ និងផែនការយុទ្ធសាស្រ្តនៅមិនគ្រប់គ្រាន់ទេ បើសិនជាយើងមិនបានប្រែក្លាយវាឱ្យទៅជាសកម្មភាពជាក់ស្តែង មានន័យថា សកម្មភាពសំដៅឆ្លុះបញ្ចាំងជាមួយចក្ខុវិស័យច្បាស់លាស់ និងវាស់វែងបាន និងចូលរួមដោយដៃគូអភិវឌ្ឍន៍ ដៃគូពាក់ព័ន្ធទាំងអស់ ក្នុងការគាំទ្រធនធាន មធ្យោបាយបន្ថែមទៀត។

ជាមួយនេះ ឯកឧត្តមរដ្ឋមន្រ្តី ស្នើឱ្យថ្នាក់ដឹកនាំ និងប្រតិបត្តិករថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវប្រើប្រាស់ផែនទីចង្អុលផ្លូវនេះដើម្បីកៀរគរថវិកាឱ្យមានភាពសមធម៌ ដើម្បីអនុវត្តផែនការរំកិល ៣ឆ្នាំ ផែនការប្រតិបត្តិប្រចាំឆ្នាំ និងអនុវត្តផែនការឱ្យមានប្រសិទ្ធភាព ដើម្បីចូលរួមអនុវត្តយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា។

ទន្ទឹមនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ឈាង រ៉ា បានផ្តល់អនុសាសន៍មួយចំនួន រួមមាន៖
១-លើកទឹកចិត្តឱ្យមានកិច្ចសហការជាមួយស្ថាប័ន អង្គភាពពាក់ព័ន្ធ ដើម្បីលើកកម្ពស់សុខភាពផ្លូវចិត្ត និងបង្ការជំងឺផ្លូវចិត្ត។ ២-គ្រឹះស្ថានបណ្តុះបណ្តាលសុខាភិបាល ត្រូវបង្កើតកម្មវិធីបណ្តុះបណ្តាលឯកទេសជំងឺ ផ្លូវចិត្ត ជំនាញវេជ្ជសាស្រ្តសុខភាពផ្លូវចិត្ត និងវិទ្យាសាស្រ្តនៃឥរិយាបថថ្មីៗ ថែមទៀតដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាជន ព្រមទាំងត្រូវដាក់បញ្ចូលផ្នែកសុខភាពផ្លូវចិត្តសាធារណៈ ទៅក្នុងការបណ្តុះបណ្តាលពាក់ព័ន្ធនិងសុខភាពសាធារណៈ ដើម្បីបង្កើនចំណេះដឹង ស្តីពីសុខភាពសាធារណៈឱ្យបានគ្រប់ជ្រុងជ្រោយ។៣-សេវាសុខាភិបាល ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិត្រូវពង្រីកសេវាថែទាំ និងព្យាបាលជំងឺផ្លូវចិត្ត ទាំងសេវាពិគ្រោះជំងឺផ្លូវចិត្ត និងសេវាព្យាបាលជំងឺផ្លូវចិត្តសម្រាកពេទ្យ ឱ្យកាន់ តែទូលំទូលាយ និងមានជម្រើសច្រើនយ៉ាងសម្រាប់ប្រជាជន ដើម្បីឈានទៅកាន់ការគ្របដណ្តប់សុខភាពជាសកល។៤-គ្រប់អង្គភាពសុខាភិបាលគួររៀបចំឱ្យមានសេវាផ្តល់ប្រឹក្សាផ្លូវចិត្តសម្រាប់បុគ្គលិក ដើម្បីលើកកម្ពស់គុណភាពនៃការងារ។៥-ត្រូវរៀបចំលិខិតបទដ្ឋានគតិយុត្ត ដើម្បីគ្រប់គ្រងសេវាឯកជន ឬអង្គការមិនមែនរដ្ឋាភិបាល ដែលផ្តល់ការថែទាំ ព្យាបាលជំងឺផ្លូវចិត្ត ដោយមិនប្រើឱសថ។

ក្នុងពិធីខាងលើនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមថ្លែងអំណរគុណដល់អង្គការសុខភាពពិភពលោក ដែលបានខិតខំកៀរគរធនធានថវិកា និងបច្ចេកទេស ដើម្បីគាំទ្រដល់ការកសាងផែនការយុទ្ធសាស្រ្តសុខភាពផ្លូវចិត្ត២០២៣ -២០៣២នេះឲ្យបានចេញជាផ្លែផ្កា៕

អត្ថបទដែលជាប់ទាក់ទង