កណ្ដាប់ដៃដែកចុងឆ្នាំ២០២៣របស់រដ្ឋមន្ត្រី ប៉េង ពោធិ៍នា និងឯកឧត្តម សេង ឈួន បង្ក្រាបរថយន្ដដឹកលើសទម្ងន់៦គ្រឿងនៅស្រុកពាមជ ខេត្តព្រៃវែង

កណ្ដាប់ដៃដែកនាចុងឆ្នាំ២០២៣នេះ របស់ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹងជញ្ជូន និងឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ព្រមទាំងឯកឧត្តម គឹម សាន់ និងឯកឧត្តម ម៉ី ម៉ារ៉ាឌី អនុរដ្ឋលេខាធិការ  និងជាអនុប្រធានក្រុមការងារចល័តចម្រុះ លោក តាំង ពៅ ប្រធានលេខាធិការដ្ឋាន ព្រមទាំងសមាជិកក្រុមការងារចល័តចម្រុះ និងកងកម្លាំងពាក់ព័ន្ធ នៅថ្ងៃពុធ ទី២៧ ខែធ្នូ ឆ្នាំ២០២៣នេះបានចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅផ្លូវលេខ៣១០ គ.ម ០៥ ភូមិព្រែកក្របៅ ឃុំព្រែកក្របៅ ស្រុកពាមជ ខេត្តព្រៃវែង។

ក្នុងប្រតិបត្តិការខាងលើ ក្រុមការងារបានត្រួតពិនិត្យយានយន្តសរុប ១៥គ្រឿង ក្នុងនោះ រថយន្តដឹកលើសទម្ងន់ចំនួន ០៦គ្រឿងបានដឹកលើសទម្ងន់កម្រិតកំណត់ ចាប់ពី ០៩-២៧ តោន ដែលបានដឹកលើស ២០% នៃទម្ងន់អនុញ្ញាត ត្រូវបានពិន័យ និងឃាត់ទុករយៈពេល១ឆ្នាំ ដោយអនុលោមតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៦០ និងសេចក្ដីជូនដំណឹង លេខ០៤៩ សជណ សក. គតលទ ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់។

ទាក់ទិនករណីដឹកលើសទម្ងន់កំណត់នេះ ក្រសួងសាធារណការនិងដឹកជញ្ជូន
សូមរំលឹកជូនដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ថា៖ ក្រសួងនឹងបន្តចាត់វិធានការរឹតបន្តឹងការអនុវត្តច្បាប់ និងសេចក្ដីជូនដំណឹងខាងលើយ៉ាងតឹងបំផុតដោយគ្មានការលើកលែងឡើយ។

គួរជម្រាបជូនថា កាលពីថ្ងៃសៅរ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២៣ ក្រុមការងារជញ្ជីងចល័ត ដែលដឹកនាំដោយ ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចូលរួមដោយ ឯកឧត្តម ម៉ី ម៉ារ៉ាឌី អនុរដ្ឋលេខាធិការ លោក សេង សុវណ្ណារុណ អនុប្រធានក្រុមចល័តចម្រុះ លោក តាំង ពៅ ប្រធានលេខាធិការដ្ឋាន សមាជិក និងកងកម្លាំងពាក់ព័ន្ធ ក៏បានចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅផ្លូវលេខ ៣៤ (KD 09) ភូមិព្រៃប្រសាទ ឃុំដើមឫស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល សរុប ចំនួន២០គ្រឿង ក្នុងនោះ រថយន្តដឹកលើសទម្ងន់ ចំនួន ១៥ គ្រឿង បានដឹកលើសទម្ងន់កម្រិតកំណត់ ចាប់ពី ០៥-៥២ តោន។  ក្នុងនោះមានរថយន្ត ៦ គ្រឿង ដែលបានដឹកលើស ២០% នៃទម្ងន់អនុញ្ញាត ត្រូវបានពិន័យ និងឃាត់ទុករយៈពេល ១ឆ្នាំ ដោយអនុលោមតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៦០ និងសេចក្ដីជូនដំណឹង លេខ០៤៩ សជណ សក. គតលទ ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់៕

អត្ថបទដែលជាប់ទាក់ទង