ក្រសួងសុខាភិបាលអំពាវនាវពលរដ្ឋឱ្យប្រុងប្រយ័ត្នខណៈរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មីប្រភេទ Omicron JN.1លើពលរដ្ឋ៤នាក់

ក្រសួងសុខាភិបាល សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋ មេត្តាជ្រាបថា យោងតាមលទ្ធផល ទទួលបានពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ បានបញ្ជាក់ពីការរកឃើញវីរុសបំប្លែងថ្មី ប្រភេទ Omicron JN.1 ចំនួន ៤ករណី ដែលបច្ចុប្បន្ននេះ អ្នកជំងឺទាំង ៤នាក់ បានទទួលការព្យាបាល ជាសះស្បើយទាំងអស់គ្នាហើយ ដោយបន្តធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន។

ក្រសួងសុខាភិបាល សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋ មេត្តាជ្រាបផងដែរថា តាមចំណាត់ថ្នាក់របស់អង្គការសុខភាព ពិភពលោក (WHO) បានបញ្ជាក់អំពីវីរុសបំប្លែងថ្មីប្រភេទ Omicron JN.1 នេះ មិនសូវមានសភាពធ្ងន់ធ្ងរទ គឺជាវីរុសបំប្លែងថ្មីដែលជាប្រភេទចាប់អារម្មណ៍ VOI ( Variant of Interest) មិនមែនជាវីរុសបំប្លែងថ្មីដែល ជាប្រភេទព្រួយបារម្មណ៍ VOC (Variant of Concern) នោះទេ។

ទន្ទឹមនឹងនេះ ប្រព័ន្ធតាមដានជំងឺឆ្លងរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងរបស់ក្រសួងសុខាភិបាល បានកត់សម្គាល់ពីការរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ដោយតេស្ដរហ័សនៅក្នុងចំណោមអ្នកជំងឺដែលមក ទទួលសេវាសុខាភិបាលនៅតាមមន្ទីរពេទ្យនានាមានការកើនឡើង។

ក្រសួងសុខាភិបាល សូមអំពាវនាវក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ថា សូមយកចិត្តទុកដាក់ប្រុងប្រយ័ត្នផ្ទាល់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីបង្ការនូវការចម្លង វីរុសបំប្លែងថ្មីនៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តនូវវិធានការបង្ការនានា ដូចខាងក្រោម៖

អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវ វិធានការបង្ការការចម្លងគឺពាក់ម៉ាស លាងដៃឱ្យញឹកញាប់ជាមួយសាប៊ូ ឬ អាល់កុល ឬ ជែលលាងដៃ។

ត្រូវខ្ចប់មាត់ និងច្រមុះពេលក្អក កណ្ដាស់ ដោយប្រើផ្នត់កែងដៃ ម៉ាស ក្រម៉ា កន្សែង ឬក្រដាស អនាម័យ រួចខ្ចប់បោះចោលក្នុងធុងសំរាមបិទជិត។

អ្នកដែលមានហានិភ័យខ្ពស់នៃការចម្លងជំងឺ ដូចជាកុមារ ជនចាស់ជរា ជនដែលមានជំងឺប្រចាំកាយ ស្រ្តីមានផ្ទៃពោះជាដើម មិនត្រូវចូលរួមជាមួយព្រឹត្តិការណ៍ដែលមានមនុស្សច្រើន បើមិនមានការ ចាំបាច់បំផុតនោះ ត្រូវតែមានការអនុវត្តកិច្ចការពារខ្លួនឱ្យបានល្អ និងរក្សាគម្លាតពីគ្នា ព្រមទាំងមាន អ្នកជួយមើលការខុសត្រូវឱ្យបានត្រឹមត្រូវ ព្រមទាំងអនុវត្តវិធានការដូចជម្រាបជូនខាងលើនេះ។

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល៖

អត្ថបទដែលជាប់ទាក់ទង