ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រកាសគាំទ្រប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត កំណត់យកថ្ងៃទី២៩ ខែធ្នូ «ជាទិវាសន្តិភាពនៅកម្ពុជា»
អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ សូមប្រកាសគាំទ្រពេញទំហឹងនូវប្រសាសន៍សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កំណត់យកថ្ងៃទី២៩ ខែធ្នូ «ជាទិវាសន្តិភាពនៅកម្ពុជា»។
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រកាសថា កម្ពុជាមិនបាច់បង្កើតទិវាសន្តិភាពទៀតនោះទេ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ «ជាទិវាសន្តិភាពនៅកម្ពុជា»។
កម្ពុជាជាប្រទេសរងនូវសោនាដកម្មយ៉ាងខ្លោចផ្សារជាទីបំផុតដោយសារតែភ្លើងសង្គ្រាម។ ក្រោមនយោបាយឈ្នះ-ឈ្នះ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិក និងជាអគ្គមគ្គុទ្ទេសក៍ឯក បានធ្វើឱ្យកម្ពុជាបិទបញ្ចប់ភ្លើងសង្គ្រាម រកឃើញសុខសន្តិភាព ជាពិសេសបានបិទបញ្ចប់ទំព័រខ្មៅងងឹតនៃការបែកបាក់ជាតិក្នុងរយៈពេលតិចបំផុត៥០០ឆ្នាំ។
ផ្តើមពីសុខសន្តិភាព និងការឯកភាពជាតិទាំងស្រុងនាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ជាបុព្វហេតុដ៏ធំធេងនាំឱ្យកម្ពុជាសម្រេចបាននូវការកសាងជាតិឱ្យរីកចម្រើន ប្រជាពលរដ្ឋរស់នៅប្រកបដោយសុខសុភមង្គលដូចពេលបច្ចុប្បន្ននេះ។
ការយកថ្ងៃទី២៩ ខែធ្នូ «ជាទិវាសន្តិភាពនៅកម្ពុជា» ជាការសម្តែងនូវកត្តញ្ញូធម៌រលឹកដឹងគុណសម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិក និងជាអគ្គមគ្គទ្ទេសក៍ឯក ព្រមទាំងប្រតិបត្តិករទាំងអស់ ដែលបានប្រឹងប្រែងនាំមកនូវសុខសន្តិភាពសម្រាប់ជាតិកម្ពុជា។ កាន់តែសំខាន់ថែមទៀតនោះ ការកំណត់យកថ្ងៃទី២៩ ខែធ្នូ ជា «ទិវាសន្តិភាពនៅកម្ពុជា» គឺជាការក្រើនរំលឹកដល់ខ្មែរជំនាន់ក្រោយឱ្យមានស្មារតីរលឹកដល់ទុក្ខវេទនារបស់ខ្មែរ បណ្តាលមកពីភ្លើងសង្គ្រាម និងការបែកបាក់ជាតិពីអតីតកាល។ ជាពិសេសបំផុសស្មារតីខ្មែរជំនាន់ក្រោយបានជ្រូតជ្រាបពីគុណតម្លៃនៃសុខសន្តិភាព ហើយត្រូវរួមគ្នាថែរក្សាឱ្យបាននូវសុខសន្តិភាព ដោយមិនត្រូវឱ្យបាត់បង់ពីជាតិកម្ពុជាជាដាច់ខាត។
ការប្រកាសកំណត់យកថ្ងៃទី២៩ ខែធ្នូ ជា «ទិវាសន្តិភាពនៅកម្ពុជា» ជាគំនិតប្រកបដោយគតិបណ្ឌិតខ្ពង់ខ្ពស់បំផុត និងប្រកបដោយទស្សនវិស័យវែងឆ្ងាយរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត សម្រាប់ជាឧត្តមប្រយោជន៍របស់ជាតិមាតុភូមិ។
យើងខ្ញុំទាំងអស់គ្នាមានក្តីសោមនស្សរីករាយក្រៃលែង និងសូមប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕