ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ក្នុងឱកាសអបអរសាទរចូលឆ្នាំសកល ២០២៤
អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ព្រមទាំងក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំង ប្រជារាស្ត្រទូទាំងខេត្តកំពង់ឆ្នាំង មាន សេចក្តីសោមនស្សរីករាយជាទីបំផុត ក្នុងឱកាសចូលឆ្នាំសកល ២០២៤ និងសូមសម្តែងនូវកតញ្ញូ កត្តវេទិតាធម៌ ចំពោះមហាករុណាទិគុណ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ប្រកបដោយព្រះព្រហ្មវិហារធម៌ដ៏ខ្ពង់ខ្ពស់បំផុត និងសូមធ្វើអភិវន្ទនកិច្ច ថ្វាយព្រះពរ បវរមហាប្រសើរ សិរីសួស្តី ជ័យមង្គល វិបុលសុខគ្រប់ប្រការ និងសូមលើក ហត្ថបួងសួងគុណបុណ្យព្រះរតនត្រ័យកែវទាំងបី ទេវតារក្សាព្រះមហាស្វេតច្ឆត្រ និងវត្ថុសក្តិសិទ្ធិក្នុងលោក ព្រមទាំងវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ ព្រះវិញ្ញាណក្ខន្ធព្រះមហាវីរក្សត្រ “ព្រះបរមរតនកោដ្ឋ” សូមជួយប្រោសប្រសិទ្ធពរជ័យ និងអភិបាលរក្សា សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតា ជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរ ព្រះពលានុភាព ខ្លាំងក្លា ព្រះបញ្ញាញាណឈ្លាសវៃ ភ្លឺថ្លា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំនៃប្រជារាស្ត្រខ្មែរ គ្រប់ៗរូប៕