ឯកឧត្តម ឯម ច័ន្ទមករា គាំទ្រការកំណត់យកថ្ងៃទី២៩ ខែធ្នូ ជា «ទិវាសន្តិភាពនៅកម្ពុជា»
រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ឯកឧត្តម ឯម ច័ន្ទមករា គាំទ្រការកំណត់យកថ្ងៃទី២៩ ខែធ្នូ ជា «ទិវាសន្តិភាពនៅកម្ពុជា» ដោយថាជាការដឹងគុណសម្តេចតេជោ ហ៊ុន សែន និងប្រតិបត្តិករទាំងអស់ ដែលបានប្រឹងប្រែងនាំមកនូវសុខសន្តិភាពសម្រាប់ជាតិកម្ពុជាមកដល់សព្វថ្ងៃ។
ឯកឧត្តមរដ្ឋលេខាធិការបានលើកឡើងថា ការកំណត់យកថ្ងៃទី២៩ ខែធ្នូ ជា «ទិវាសន្តិភាពនៅកម្ពុជា» បានក្រើនរំលឹកដល់ប្រជាពលរដ្ឋខ្មែរឲ្យរលឹកដល់ទុក្ខវេទនារបស់ខ្មែរបណ្តាលមកពីភ្លើងសង្គ្រាម និងការបែកបាក់ជាតិ និងបំផុសស្មារតីឲ្យស្រលាញ់នូវគុណតម្លៃនៃសន្តិភាពហើយត្រូវរួមគ្នាថែរក្សាសន្តិភាព ដោយមិនត្រូវឱ្យបាត់បង់ពីជាតិកម្ពុជាជាដាច់ខាត។
ការប្រកាសកំណត់យកថ្ងៃទី២៩ ខែធ្នូ «ជាទិវាសន្តិភាពនៅកម្ពុជា» ជាការផ្ដើមគំនិតរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត សម្រាប់ជាឧត្តមប្រយោជន៍របស់ជាតិមាតុភូមិ។
គួរឲ្យដឹងផងដែរថា ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ នេះជាខួបលើកទី២៥ឆ្នាំ នៃ «ទិវានយោបាយឈ្នះឈ្នះ» របស់សម្ដេចតេជោ ហ៊ុន សែន ដែលនាំឲ្យរួចផុតពីភ្នក់ភ្លើងសង្គ្រាមស៊ីវិលទាំងស្រុងនាំឱ្យកម្ពុជាមានសុខសន្តិភាពដោយបរិបូរណ៍មកដល់បច្ខុប្បន្ន៕