រដ្ឋបាលស្រុកអូររាំងតម្លើងបង្គោលភ្លើងអគ្គិសនីបំភ្លឺ តាមដងផ្លូវជាតិលេខ៧៦ ជាសមិទ្ធផលដ៏ត្រចះត្រចង់

ឈានចូលគ្រឹស្តសករាជ ២០២៤ រដ្ឋបាលស្រុកអូររាំងបានបើកទំព័រថ្មីជាប្រវត្តិសាស្រ្ត ដែលសម្រេចបាននូវសមិទ្ធផលដ៏ត្រចះត្រចង់ដែលពុំធ្លាប់មានពីមុនមក។

ដើម្បីចូលរួមអបអរសាទរឆ្នាំថ្មីឆ្នាំសកល ២០២៤ ស្ថិតក្រោមការដឹកនាំចង្អុលបង្ហាញពី ឯកឧត្តម ថង សាវុន អភិបាលនៃនៃគណៈអភិបាលខេត្តមណ្ឌលគិរី លោក សៀក មុន្នី អភិបាលនៃគណៈអភិបាលស្រុកអូររាំង រួមទាំងមន្រ្តីក្រោមឱវាទ បានខិតខំអស់ពីកម្លាំងកាយចិត្តក្នុងការពន្លឿនការងារតម្លើងបង្គោលភ្លើងអគ្គិសនីបំភ្លឺ តាមដងផ្លូវជាតិលេខ៧៦។ នេះជាការលើកឡើងរបស់លោក សៀក មុន្នី អភិបាលស្រុកអូររាំង។

លោក សៀក មុន្នី បន្តថា ថ្ងៃនេះ យើងបានតម្លើងបង្គោលភ្លើងបំភ្លឺផ្លូវបំពាក់ដោយសូឡាអគ្គិសនី បាន៨០%ហើយ ដែលនឹងបញ្ចប់តាមផែនការនៅថ្ងៃទី៣១ ខែធ្នូ​ឆ្នាំ២០២៣។

លោកអភិបាលស្រុកបន្ថែមទៀតថា ក្នុងនាមរដ្ឋបាលស្រុកអូររាំង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសប្បុរសជន បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន មន្រ្តីរាជការគ្រប់ជាន់ថ្នាក់ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមចំណែកឧបត្ថម្ភជាសម្ភារៈ ជាថវិកា ដើម្បីឱ្យសមិទ្ធផលនេះលេចចេញជារូបរាងឡើង និងសូមប្រសិទ្ធពរជ័យសិរីបវរមហាប្រសើរជុនដល់បងប្អូនសម្រាប់គ្រឹស្ដសករាជ២០២៤ កុំបីអាក់ខានឡើយ៕

អត្ថបទដែលជាប់ទាក់ទង