ឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ៖ ក្នុងឱកាសបុណ្យចូលឆ្នាំសកលឆ្នាំ២០២៤ មានរថយន្តរង្វង់៣ម៉ឺនគ្រឿង បានធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ
អគ្គនាយកបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ បានឲ្យបណ្ដាញសារព័ត៌មានដឹងនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤នេះថា ក្នុងឱកាសបុណ្យចូលឆ្នាំសកលឆ្នាំ២០២៤ មានរថយន្តរង្វង់៣ម៉ឺនគ្រឿង បានធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។ ចំនួននេះកើនឡើងប្រមាណ ១ម៉ឺនគ្រឿងបើធៀបនឹងបុណ្យឆ្លងឆ្នាំសកលឆ្នាំ២០២២ ចូលឆ្នាំ២០២៣។
ឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ បាន បន្តថា ក្នុងបុណ្យចូលឆ្នាំសកលនេះ ប្រជាពលរដ្ឋបានទៅឆ្លងឆ្នាំ និងលេងកម្សាន្តនៅខេត្តព្រះសីហនុ មានចំនួនច្រើនគួរឱ្យកត់សម្គាល់។ ឯកឧត្តមបន្ថែមថា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ មានរថយន្តប្រមាណ ២៩,០០០គ្រឿង បានធ្វើចរាចរណ៍ចូលទៅកាន់ខេត្តព្រះសីហនុ។ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៤នេះវិញ គិតត្រឹមត្រឹមម៉ោង១០យប់ មានរថយន្តប្រមាណ ៣១,២៦៤គ្រឿង បានចរាចរណ៍ចូលរាជធានីភ្នំពេញ។
ឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ បានឲ្យដឹងទៀតថា ចំនួននេះ មានការកើនឡើងជិត១ម៉ឺនគ្រឿង បើធៀបនឹងឆ្លងឆ្នាំសកលកាលពីឆ្នាំ២០២៣។ ចំនួននេះ រឹតតែច្រើនថែមទៀត បើធៀបនឹងថ្ងៃចុងសប្តាហ៍ធម្មតា ដែលមានចំនួនយានយន្តធ្វើចរាចរណ៍ត្រឹមជិត២ម៉ឺនគ្រឿងប៉ុណ្ណោះ។
ចរាចរណ៍លើផ្លូវល្បឿនលឿនក្នុងឱកាសបុណ្យចូលឆ្នាំសកលនេះ មានការកកស្ទះចរាចរណ៍នៅតាមបញ្ជរបង់ប្រាក់នៅខេត្តព្រះសីហនុ និងនៅរាជធានីភ្នំពេញផងដែរ។ ការកកស្ទះនេះ មានកត្តាចំនួនពីរ គឺទី១ ម្ចាស់យានយន្តមិនបានប្រើប្រាស់កាត ETC ដែលជាមធ្យោបាយងាយស្រួលសម្រាប់ឆ្លងកាត់បញ្ជរបង់ប្រាក់ ហើយនៅតែបន្តប្រើជម្រើសបង់លុយនៅនឹងកន្លែង។ កត្តាមួយទៀត ម្ចាស់យានយន្តមួយចំនួនមិនទាន់យល់ពីការប្រើប្រាស់គន្លង ETC និងគន្លងបង់ប្រាក់ធម្មតា។ ម្ចាស់យានយន្តខ្លះមិនមានកាត់ ETC នោះទេ តែបែរជាបើកចូលគន្លង ETC ទៅវិញ។
ពាក់ព័ន្ធវិធីធ្វើដំណើរឆ្លងកាត់ផ្លូវល្បឿនលឿន ក៏ដូចជាការប្រើប្រាស់កាត ETC នេះ ត្រូវបានក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាក្រុមហ៊ុនគ្រប់គ្រងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ធ្លាប់បានផ្សព្វផ្សាយយ៉ាងទូលំទូលាយផងដែរ។
ពាក់ព័ន្ធវិធីធ្វើដំណើរឆ្លងកាត់ផ្លូវល្បឿនលឿននេះ ឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ បានអំពាវនាវម្ចាស់យានយន្តស្វែងយល់ពីការប្រើប្រាស់កាត់ ETC ឬ ANPR ដែលជាមធ្យោបាយបង់ប្រាក់ជាមុនតាមប្រព័ន្ធបច្ចេកវិទ្យា ជួយសម្រួលឱ្យការធ្វើដំណើរឆ្លងបញ្ជរបង់ប្រាក់បានលឿនរហ័ស និងមិនស្មុគស្មាញ។
ខាងក្រោមនេះ ជាវីធីប្រើប្រាស់គន្លងឆ្លងកាត់បញ្ជរបង់ប្រាក់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ៖
ច្រកចេញចូលផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ត្រូវបានបែងចែកជាបីគន្លង ដែលមានដូចខាងក្រោ៖
+គន្លង ETC ជាច្រកអាទិភាព មានរបាំងបើកចេញចូលដោយស្វ័យប្រវត្តិ នៅខាងឆ្វេង បង្អស់ដែលមានសញ្ញា ETC ។ ដើម្បីប្រើប្រាស់លោកអ្នកត្រូវ៖ ចុះឈ្មោះប្រើប្រាស់ បំពាក់ឧបករណ៍ OBU នៅមជ្ឈមណ្ឌល ETC ឬទីតាំងកំណត់ដោយក្រសួង និងបញ្ចូល លុយតាមផ្លាកលេខមុននឹងប្រើប្រាស់។
+គន្លង ANPR ជាច្រកអាទិភាពក្នុងការចេញចូល ដែលមានលក្ខណៈសាមញ្ញ។ លោកអ្នកគ្រាន់តែបញ្ជូលសមតុល្យតាមផ្លាកលេខជាមុន និងចេញចូលគន្លងដែលមានសញ្ញា ANPR។ ការប្រើប្រាស់គន្លងនេះ មិនតម្រូវឱ្យយកកាត និងប្រើប្រាស់សាច់ប្រាក់ឡើយ ដោយលោកអ្នកគ្រាន់តែបញ្ចូលសមតុល្យទៅក្នុងផ្លាកលេខជាការស្រេច។
+គន្លង MTC តម្រូវឱ្យយកកាត និងបង់សាច់ប្រាក់នៅច្រកចេញ។ ក្នុងករណីមានចរាចរ ណ៍មមាញឹក លោកអ្នកអាចប្រឈមនឹងការរងចាំយូរនៅច្រកចេញ។
ក្រសួងលើកចិត្តឱ្យបងប្អូនចូលរួមប្រើប្រាស់គន្លង ETC និង ANPR ឱ្យបានច្រើន ជាពិសេសការប្រើប្រាស់ទំនើបកម្មបច្ចេកវិទ្យាឌីជីថល ដោយបញ្ចូលទឹកប្រាក់ជាមុនទៅក្នុងផ្លាកលេខយានយន្ត ដើម្បីកាត់បន្ថយការចំណាយពេលទូទាត់សាច់ប្រាក់នៅនឹងបញ្ជរ ដែលជាហេតុនាំឲ្យមានការកកស្ទះ និងការរីករាលដាលនៃជម្ងឺកូវីត-១៩ផងដែរ។
បងប្អូនត្រូវដឹងថារថយន្តរបស់ខ្លួនអាចចូលចេញគន្លងណាបាន អាស្រ័យតាមការណែនាំខាងលើ។ ប៉ុន្តែប្រសិនបើជ្រើសយកការប្រើប្រាស់គន្លង ETC ឬ ANPR សូមបងប្អូនបញ្ចូលសមតុល្យទៅក្នុងផ្លាកលេខសម្គាល់យានយន្តជាមុន តាមរយៈកម្មវិធីធនាគារក្នុងទូរស័ព្ទដៃ (Mobile Banking) នៃគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារដៃគូ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលវាពិតជាជួយសន្សំពេលវេលា និងផ្តល់ភាពងាយស្រួល។ សូមចូលទៅកាន់គេហទំព័រ https://ew.mpwt.gov.kh សម្រាប់ឈ្មោះគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារដៃគូ៕