ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំកិច្ចប្រជុំក្រុមការងារចំពោះកិច្ច ពិភាក្សាអំពីតម្លៃសេវាប្រើប្រាស់ផ្លូវចេញចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញដឹកនាំក្រុមការងារចំពោះកិច្ច ប្រជុំពិភាក្សាអំពីតម្លៃសេវាប្រើប្រាស់ផ្លូវចេញចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ។
ក្នុងកិច្ចប្រជុំនេះក៏មានការចូលរួមពី ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមរដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ឯកឧត្តមរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អភិបាលរងខេត្តសៀមរាប ឯកឧត្តម លោកជំទាវ លោក លោកស្រី និងមន្ត្រីពាក់ព័ន្ធផងដែរ។
ក្រោមការងារចង្អុលបង្ហាញដោយផ្ទាល់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបង្កើតក្រុមការងារចំពោះកិច្ចដោះស្រាយលើតម្លៃសេវាប្រើប្រាស់ផ្លូវចេញចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ។
នៅព្រឹកនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានអញ្ជើញដឹកនាំក្រុមការងារពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រជុំដោយផ្ទាល់ដើម្បីជជែកពិភាក្សាការងារ ដោយក្នុងនោះអង្គប្រជុំបានសម្រេចនឹងចុះពិនិត្យស្ថានភាពអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរនាពេលខាងមុខ។
បន្ទាប់ពីការចុះពិនិត្យស្ថានភាពអាកាសយានដ្ឋានរួចរាល់ ក្រុមការងារចំពោះកិច្ចនឹងជួបជជែកជាមួយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. (AIAI) ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយសមស្រប ជូនប្រជាពលរដ្ឋ៕