មូលធនមនុស្សគឺជាអាទិភាពគន្លឹះទីមួយសម្រាប់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្នុងការជំរុញសេដ្ឋកិច្ច ឱ្យសម្រេចបាននូវគោលដៅរបស់កម្ពុជានៅឆ្នាំ២០៣០ និងធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០

ផ្តោតលើចក្ខុវិស័យវែងឆ្ងាយដ៏សំខាន់នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដាក់ឱ្យអនុវត្ត «កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ» នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់យុវជនចំនួន១លាន៥សែននាក់ មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដើម្បីទទួលបាននូវចំណេះជំនាញច្បាស់លាស់ និងក្លាយជាផ្នែកមួយក្នុងការជំរុញសេដ្ឋកិច្ចជាតិ ដោយមានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈជាសេនាធិការក្នុងការបណ្តុះបណ្តាលលើវិស័យចំនួន១០ក្នុងការសិក្សា។

បច្ចុប្បន្នភាពត្រឹមថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលនូវអ្នកចុះឈ្មោះសិក្សាជំនាញវិជ្ជាជីវៈ​ តាមរយៈកម្មវិធី «TVET 1,5M» សរុបចំនួន២០៣៩៣នាក់ (ស្រីចំនួន ៧០០៧នាក់) តាមបណ្តារាជធានី-ខេត្ត ដូចជា៖
-រាជធានីភ្នំពេញចំនួន៧ ៩០៥នាក់ (ស្រី ២៥៩៦នាក់)
-ខេត្តបាត់ដំបង ចំនួន២ ៤៩៩នាក់ (ស្រី ១០៨៣នាក់)
-ខេត្តសៀមរាបចំនួន ១ ៤២៨នាក់ (ស្រី៣២៧នាក់)
-ខេត្តកណ្តាលចំនួន ៧៥៥នាក់ (ស្រី២១៥នាក់)
-ខេត្តព្រះសីហនុ ចំនួន ៧១៨នាក់ (ស្រី ២៤៧នាក់)
-តាមបណ្ដាខេត្តផ្សេងៗចំនួន ៧០៨៨នាក់ (ស្រី ២ ៥៣៩នាក់) ។

ក្នុងចំណោមអ្នកចុះឈ្មោះសិក្សាជំនាញវិជ្ជាជីវៈ​ ២០ ៣៩៣នាក់ បានបែងចែកទៅតាមវិស័យដូចជា៖
– វិស័យសំណង់ ចំនួន ៣ ០៤៩នាក់ (ស្រី ៤៥២នាក់)
– វិស័យអគ្គិសនី និងថាមពល ចំនួន ៦០៤នាក់ (ស្រី ៦៥នាក់)
– វិស័យអេឡិចត្រូនិក ចំនួន ៤៤៩នាក់ (ស្រី ៦៦នាក់)
– វិស័យកម្មន្តសាល ចំនួន ១៥៣នាក់ (ស្រី ១០នាក់)
– វិស័យមេកានិចទូទៅ/មេកានិចរថយន្ត ចំនួន ៣ ១២២នាក់ (ស្រី ១៤០នាក់)
– វិស័យធុរកិច្ច និងព័ត៌មានវិទ្យា ចំនួន ៦ ៥៦៩នាក់ (ស្រី ៣ ៤៧១នាក់)
– វិស័យសេវាកម្ម ចំនួន ១ ១៩៨នាក់ (ស្រី ១ ០១៨នាក់)
– វិស័យបរិក្ខារត្រជាក់ និងកម្តៅ ចំនួន ៣ ០៥១នាក់ (ស្រី ១០១នាក់)
– វិស័យទេសចរណ៍ ចំនួន ១ ២០៥នាក់ (ស្រី ៩០៦នាក់)
– វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ចំនួន ៩៩៣នាក់ (ស្រី ៧៧៨នាក់) ។

គូសរំលេចថា កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ក្នុងការពង្រឹងនូវគុណភាពបណ្តុះបណ្តាល ក៏ដូចជាលើកទឹកចិត្តដល់យុវជនក្នុងការសិក្សា និងបញ្ចប់ការសិក្សាប្រកបដោយគុណភាព និងជំនាញវិជ្ជាជីវៈច្បាស់លាស់ ដើម្បីអាចបម្រើដល់សេចក្តីត្រូវការនៃទីផ្សារការងារ ដោយកំណត់នូវគោលការណ៍ «ឱ្យចេះ ឱ្យចប់ ឱ្យមានការងារ» ដែលនេះជាការយកចិត្តទុកដាក់ខ្ពស់ និងជាកិច្ចការអាទិភាពបំផុតនៃរាជរដ្ឋាភិបាលក្នុងការកសាងនូវធនធានមនុស្សសម្រាប់ជំរុញដល់សេដ្ឋកិច្ចជាតិ៕

អត្ថបទដែលជាប់ទាក់ទង