សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កំណែទម្រង់មិនមែនជាការធ្វើបដិវត្តន៍ ដោយលុបចោលរាល់គោលនយោបាយចាស់នោះឡើយ ប៉ុន្តែជាការសម្រួចនូវសមិទ្ធផលបន្ថែម ដើម្បីភាពរីកចម្រើន និងទំនើបកម្ម

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានគូសបញ្ជាក់ថា កំណែទម្រង់មិនមែនជាការធ្វើបដិវត្តន៍ ដោយលុបចោលរាល់គោលនយោបាយចាស់នោះឡើយ ប៉ុន្តែជាការសម្រួចនូវសមិទ្ធផលបន្ថែម ដើម្បីភាពរីកចម្រើន និងទំនើបកម្ម។

ការគូសបញ្ជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃអង្គារ ទី៩ ខែមករា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញ​ជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ក្នុងឆ្នាំសិក្សា២០២២-២០២៣ នៅមជ្ឈមណ្ឌល​ពាណិជ្ជកម្មជ្រោយចង្វារ (OCIC)។

នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា កំណែទម្រង់ការប្រលងបាក់ឌុប បានជម្រុះចោលវប្បធម៌អន្តរាគមន៍ និងបង្កើតនូវវប្បធម៌ម្ចាស់ការទទួលខុសត្រូវលើខ្លួនឯង។

ជាមួយនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានបញ្ជាក់ផងដែរថា «យើងមិនមែនធ្វើបដិវត្តន៍ទេ។ ខ្ញុំសូមបញ្ជាក់ កំណែទម្រង់មិនមែនជាការធ្វើបដិវត្តន៍ទេ មិនមែនផ្តាច់ចោល មិនមែនលុបចោលគោលនយោបាយពីមុនទាំងអស់ មិនមែនដូចជំនាន់ខ្មែរក្រហមលុបចោលកម្មសិទ្ធិឯកជន ដាក់អីផ្សេងៗយើងអត់ទេ។ គោលនយោបាយ រាជរដ្ឋាភិបាលថ្មី អាណត្តិទី៧ គឺជាចីរភាព និរន្តរភាពនៃនយោបាយដែលមានពីមុនមក ជាពិសេសយុទ្ធសាស្ត្របញ្ចកោណ គឺផ្អែកលើមូលដ្ឋានយុទ្ធសាស្ត្រចតុកោណ ប៉ុន្តែអ្វីដែលយើងធ្វើនោះ គឺកំណែទម្រង់ជាការចាំបាច់។ ប្រលងដូចគ្នា ប្រលងពីមុនយើងមានកំណែទម្រង់ច្រើនណាស់ តាំងពីឆ្នាំ៨០មក តាំងពីដំណាក់កាលយើងអត់មានធនធាន ចេញមកអ្នកអត់ចេះបង្រៀនអ្នកចេះ យើងត្រូវកែសម្រួលដើម្បីទំនើបកម្មជាជំហាន»។

បើតាមប្រសាសន៍សម្តេចធិបតី ការប្រលងបាក់ឌុប ឆ្នាំ២០១៤ កំណែទម្រង់នោះ មិនមែនជាការធ្វើបដិវត្តន៍ទេ ពោលគឺជាការកំណែទម្រង់ពង្រឹង និងសម្រួច នូវសមិទ្ធផលបន្ថែម ដើម្បីរីកចម្រើន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា សម្តេចបានចារឯកភាពឱ្យក្រសួង ៥ទៀត ដំណើរការប្រលងជ្រើសរើសមន្ត្រី ដោយអនុវត្តន៍តាមការធ្វើកំណែទម្រង់ប្រកបដោយភាពច្បាស់លាស់ និងត្រឹមត្រូវ។

សូមជម្រាបថា ឆ្នាំសិក្សា២០១៣-២០១៤ គឺជាឆ្នាំចាប់ផ្តើមធ្វើកំណែទម្រង់ ការប្រលងមធ្យម​ទុតិយភូមិ ហៅថាបាក់ឌុប ដ៏តឹងរឹងបំផុត របស់លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ ការធ្វើកំណែទម្រង់ដ៏ម៉ឹងម៉ាត់លើការប្រលងបាក់​ឌុប​នេះ ទទួលបានការសាទរខ្លាំងណាស់ផងដែរពីសិស្ស ក៏ដូចជាអាណាព្យាបាល៕

អត្ថបទដែលជាប់ទាក់ទង