សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតឆេកប្រចាំកម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ នៅវិមានសន្តិភាពបានអនុញ្ញាតឱ្យឯកឧត្តម Martin Vávra ឯកអគ្គរដ្ឋទូតឆេកប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តម Martin Vávra បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលឆ្លៀតពេលដ៏មមាញឹកអនុញាតឱ្យរូបឯកឧត្តម និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានរំឭកផងដែរអំពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងវែងឆ្ងាយរាប់ទសវត្សរ៍ រវាងសាធារណរដ្ឋឆេក និងព្រះរាជាណាចក្រកម្ពុជា ជាពិសេសចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០ មក ។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការអបអរសាទរចំពោះ ឯកឧត្តម Martin Vávra ដែលទទួលបានការតែងតាំងជា ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឆេកប្រចាំកម្ពុជា និងបានផ្តាំផ្ញើនូវការអរគុណផងដែរ ជូនចំពោះ ឯកឧត្តមនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋឆែក ដែលបានផ្ញើលិខិតអបអរសាទរចំពោះការចូលកាន់មុខតំណែងជានាយករដ្ឋមន្ត្រី របស់ សម្តេចធិបតី ។ ជាមួយគ្នានេះ សម្តេចធិបតី បានថ្លែងអំណរគុណចំពោះសាធារណរដ្ឋឆេកដែលបានលុប​ចោលបំណុលរបស់កម្ពុជា​ ដោយបង្វែរទៅជាជំនួយអភិវឌ្ឍន៍​ និងបានផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ និងការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០មក ព្រមជាមួយនឹងការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការថ្មីៗរវាងប្រទេសទាំងពីរ នៅក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន, សន្តិសុខអ៉ីនធើណេត និងកសិកម្ម៕

អត្ថបទដែលជាប់ទាក់ទង