សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ អគ្គលេខាធិការ នៃអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពជា បានទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ (Louise MUSHIKIWABO) អគ្គលេខាធិការ នៃអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី នៅព្រឹកថ្ងៃចន្ទ ទី១៥ ខែមករា ឆ្នាំ ២០២៤។
អង្គការអន្តរជាតិហ្រ្វង់កូហ្វូនី មានរដ្ឋសមាជិកចំនួន ៨៨ និងរដ្ឋាភិបាល ជាសមាជិកពេញសិទ្ធិចំនួន ៥៤ និងសមាជិកសហការីចំនួន ៧ ព្រមទាំងរដ្ឋជាអ្នកសង្កេតការណ៍ ២៧ ដោយបានរីករាលដាលពាសពេញទ្វីបចំនួន ៥ និងមានអ្នកនិយាយភាសាបារាំង ចំនួន ៣២១លាននាក់ ហើយកម្ពុជាក៏ជាសមាជិករបស់អង្គការអន្តរជាតិហ្រ្វង់កូហ្វូនី ផងដែរ ក្នុងនាមជាប្រទេសនិយាយភាសាបារាំង ។ បេសកកម្មរបស់ Francophonie គឺដើម្បី៖
*ទី១.ផ្សព្វផ្សាយភាសាបារាំង និងវប្បធម៌ និងភាពចម្រុះនៃភាសា
*ទី២.លើកកម្ពស់សន្តិភាព លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស
*ទី៣.គាំទ្រការអប់រំ ការបណ្តុះបណ្តាល ការអប់រំឧត្តមសិក្សានិងស្រាវជ្រាវ
*ទី៤.អភិវឌ្ឍកិច្ចសហប្រតិបត្តិការក្នុងការបម្រើការអភិវឌ្ឍប្រកបដោយចីរភាព និង សាមគ្គីភាព៕