ប្រមុខរាជរដ្ឋាភិបាលចេញអនុក្រឹត្យបង្កើត «ក្រុងរុនតាឯកតេជោសែន» នៃខេត្តសៀមរាប
ប្រមុខរាជរដ្ឋាភិបាល សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យស្ដីពីការបង្កើត «ក្រុងរុនតាឯកតេជោសែន» នៃខេត្តសៀមរាប ដោយកាត់យកឃុំរុនតាឯក ពីស្រុកបន្ទាយស្រី និងឃុំបល្ល័ង្ក ពីស្រុកបាសាទបាគង។
ក្នុងអនុក្រឹត្យដែលបណ្ដាញព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤នេះថា រាជរដ្ឋាភិបាល បានកំណត់ថា ក្រុងរុនតាឯកតេជោសែន មានសង្កាត់ចំនួន២ គឺសង្កាត់រុនតាឯក និងសង្កាត់បល្ល័ង្ក។
សូមបញ្ជាក់ថា រុនតាឯក ជាភូមិសាស្ត្រមួយស្ថិតក្នុងស្រុកបន្ទាយស្រី។ ភូមិសាស្ត្រនេះ ត្រូវបានជ្រើសរើសជាភូមិឋានថ្មី សម្រាប់ប្រជាពលរដ្ឋ ដែល ផ្លាស់ចេញពីតំបន់រមណីយដ្ឋានអង្គរ។ ការរៀបចំផ្លាស់ទីប្រជាពលរដ្ឋ ចេញពីដីរមណីយដ្ឋានអង្គរ គឺជាកិច្ចការដ៏ចាំបាច់បំផុត ក្នុងការបំពេញតាមលក្ខខណ្ឌអង្គការយូណេស្កូ ជាពិសេសការពារតម្លៃជា សកលនៃរមណីយដ្ឋានអង្គរ បន្តស្ថិតក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។
ក្រោមកិច្ចសម្របសម្រួលរបស់ក្រុមការងាររាជរដ្ឋាភិបាល និងកិច្ចសហការពីប្រជាពលរដ្ឋ បច្ចុប្បន្ននេះ ប្រជាពលរដ្ឋស្ម័ត្រចិត្តប្តូរទីលំនៅចេញ ពីតំបន់រមណីយដ្ឋានអង្គរទៅរស់នៅតំបន់អភិវឌ្ឍន៍រុនតាឯក មាន ចំនួន ៥,៨៦៥គ្រួសារ។ គ្រួសារប្រជាពលរដ្ឋបាន ចាក ចេញ ទៅរស់នៅតំបន់អភិវឌ្ឍន៍រុនតាឯក ចំនួន ៤,៧៣០ខ្នងផ្ទះ ស្មើនឹង ៤៧,៧៩ភាគរយ នៃចំនួន គ្រួសារ ដែលបានចាប់ឆ្នោតសរុប និងបានរៀបចំរួចរាល់នូវ បណ្ណ កម្មសិទ្ធិចំនួន៤,៥៥៤បណ្ណ។ ដើម្បីកាត់បន្ថយនូវការ លំបាកនានារបស់ប្រជាពលរដ្ឋ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានចាត់ចែងរៀបចំ ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់បំផុត ឱ្យអាជ្ញាធរពាក់ព័ន្ធរៀបចំឈូសឆាយ និងចាក់បំពេញ ដីលំ នៅ ឋានតាមឡូតិ៍នីមួយៗជូនប្រជាពលរដ្ឋ (មួយគ្រួសារទទួលបានដី ២០ម៉ែត្រ គុណនឹង ៣០ម៉ែត្រ) និងរៀប ចំសាងសង់ហេដ្ឋារចនាសម្ព័ន្ធចាំបាច់ជាច្រើនមាន ដូចជា ផ្លូវ សាលារៀន មន្ទីរពេទ្យ ផ្សារ វត្ត និងបណ្តាញ លូ រំដោះទឹក ជាដើម។ បន្ថែមពីលើនោះ សម្តេចតេជោ ក៏បាន ណែ នាំឱ្យសាងសង់ បណ្តាញអគ្គិសនី បណ្តាញ ទឹកស្អាត និងបណ្តាញសេវាទូរស័ព្ទផងដែរ៕
ខាងក្រោមនេះ ជាអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា៖