រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី​ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អលនវត្ថុជូនដល់គ្រួសារអតីតយុទ្ធជន២០០គ្រួសារ នៅស្រុករមាសហែក

ឧបនាយករដ្ឋមន្ត្រី​ និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់ ឯកឧត្ដម សាយ​ សំអាល់​ នៅព្រឹកថ្ងៃទី១៦​ ខែមករា​ ឆ្នាំ២០២៤នេះ រួមជាមួយឯកឧត្ដមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកង យោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុករមាសហែក​, ឯកឧត្ដមនាយឧត្ដមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា​ និងឯឧត្ដម ប៉េង​ ពោធិ៍សា អភិបាលខេត្តស្វាយរៀង​ បានអញ្ជើញជួបពិធីសំណេះសំណាល​ និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនសម្បទានិកចំនួន២០០​គ្រួសារ នៃអតីតយុទ្ធជន ស្ថិតនៅឃុំអណ្តូងត្របែក​ ស្រុករមាសហែក​ ខេត្តស្វាយរៀង​។

នាឳកាសនោះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងថា ប្រជាពលរដ្ឋនឹងទទួលបានការពង្រីកភូមិថ្មីដែលផ្សារភ្ជាប់ជាមួយនឹងភូមិចាស់ និងមានការរៀបចំទៅតាមលក្ខខណ្ឌ និងតាមគំនិតនគរូបនីយកម្ម ដែលមានការគិតគូរអំពីសេដ្ឋកិច្ច ស្របតាមអ្វីដែលហៅថាបុរីជនបទ។

ដីឡូត៍ដែលរាជរដ្ឋាភិបាល បានប្រគល់ជូនសម្បទានិកនាពេលនេះ គឺជាទ្រព្យមួយដ៏មានតម្លៃ ដូច្នេះសូមធ្វើយ៉ាងណាកែច្នៃពង្រីកទ្រព្យនេះឱ្យកើនឡើងថែមទៀត ដើម្បីបង្កើនជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណក្រុមការងារទាំងអស់ ដែលបានរួមសហការក្នុងការជំរុញឱ្យគម្រោងនេះទទួលបានជោគជ័យយ៉ាងពេញលេញ។ សូមបញ្ជាក់ថា គ្រួសារអតីតយុទ្ធជនទាំង២០០គ្រួសារមាន គ្រួសារពលី ២៤នាក់ ស្រី២៣នាក់ គ្រួសារមរណៈ ៧នាក់ ស្រី៧នាក់ គ្រួសារបាត់បង់ ៣នាក់ គ្រួសារពិការ ៧០នាក់ ស្រី១នាក់ គ្រួសារនិវត្តជន ២៩នាក់ ស្រី ៣នាក់ គ្រួសារយោធា ២៥នាក់ ស្រី១នាក់ គ្រួសារប៉ូលីស ៣៦នាក់ និងគ្រួសារកងរាជអាវុធហត្ថ៦នាក់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង