ក្រុមប៉ូលិសខេត្តកណ្ដាលបង្ក្រាបបានជនសង្ស័យ២០នាក់ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងករណីធ្វើឱ្យខូចខាតដោយចេតនា
ដោយអនុវត្តតាមបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលសហការកម្លាំងកងរាជអាវុធហត្ថខេត្តកណ្ដាល កម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ និងកម្លាំងជំនាញនៃអធិការដ្ឋាននគបាលស្រុកស្អាង ស្រាវជ្រាបបង្រ្កាប ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងករណីធ្វើឱ្យខូចខាតដោយចេតនាដែលបានកើតឡើងកាលពីវេលាម៉ោង១៤:១៤នាទី ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ នៅចំណុចផ្ទះជួសជុលម៉ូតូឈ្មោះ រិន សាវុធ ស្ថិតនៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
បើតាមប្រភពបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ រិន សាវុធ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិសង្កាត់កើតហេតុ មុខរបរជាងជួសជុលម៉ូតូ។
ដោយឡែកជនសង្ស័យមានគ្នាប្រហែល ២០នាក់ បានជិះម៉ូតូជាង១០គ្រឿង។ ជនសង្ស័យទាំងអស់ គ្មានសារធាតុញៀននៅក្នុងទឹកនោមនោះទេ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៤ នៅវេលាម៉ោង១៤:១៤នាទី មានជនសង្ស័យចំនួន២១នាក់ ជិះម៉ូតូ១០គ្រឿង ម៉ាក Nex ពណ៌ខៀវ ០១គ្រឿង, Scoopy ពណ៌ស ០២គ្រឿង ពណ៌ស ០១គ្រឿង និងពណ៌ប្រផេះ, ម៉ូតូ Honda Dream C125 ចំនួន០៧គ្រឿង ពណ៌ស ០១គ្រឿង និងពណ៌ខ្មៅ ០១គ្រឿង បាននាំគ្នាជិះធ្វើសកម្មភាពយកដុំថ្ម ០៤ដុំគប់ ចូលផ្ទះជនរងគ្រោះដែលជួសជុលម៉ូតូ និងមានកាន់ដាវ កាំបិតផ្គាក់ ហើយបាននាំគ្នាជិះបំបែកគ្នាតាមផ្លូវអស់ខ្លះ ហើយដល់ចំណុចជិតស្ពានកោះអន្លង់ចិន ក្នុងភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល បានជិះដល់តារាងបាល់ទះ ក៏ឈ្មោះ យ៉ីម ផានីន បានចុះទៅកាន់និងវាយម៉ូតូ ០១គ្រឿង ម៉ាក Scoopy ពណ៌ទឹកប៊ិក ពេលនោះក៏នាំគ្នាជិះគេចខ្លួនបាត់អស់ទៅ។
សូមបញ្ជាក់ថា៖ ផ្ទះជនរងគ្រោះត្រូវបានក្រុមជនសង្ស័យនាំគ្នាយកដុំថ្ម និងបាញ់ចម្ពាមកៅស៊ូចំនួន ០៣ដង រួចមកហើយគឺ៖
លើកទី១៖ នៅថ្ងៃទី២៧.១២.២០២៣ វេលាម៉ោង១៤:៣០នាទី ក្រុមជនសង្ស័យមានគ្នា ០៤នាក់ ជិះម៉ូតូ Honda Dream C125 ០២គ្រឿង បានបាញ់ចម្ពាមកៅស៊ូ ចូលផ្ទះជនរងគ្រោះ ០១គ្រាប់ដុំថ្ម។
លើកទី២៖ ថ្ងៃទី០៩.០១.២០២៤ វេលាម៉ោង១៤:៣០នាទី មានជនសង្ស័យ ០៤នាក់ ជិះម៉ូតូ Honda Dream C125 ០២គ្រឿង បានគប់ដុំថ្មមួយដុំចូលផ្ទះជនរងគ្រោះ។
លើកទី៣៖ នៅថ្ងៃទី១៣.០១.២០២៤ វេលាម៉ោង១៤:១៤នាទី ក្រុមក្មេងទំនើងទាំងអស់នោះ បានមកធ្វើសកម្មភាពម្តងទៀត យកដុំថ្មចំនួន០៤ដុំ គប់ចូលផ្ទះជនរងគ្រោះដែលជួសជុលម៉ូតូ និងមានកាន់ដាវ កាំបិតផ្គាក់ បាញ់ចម្ពាមកៅស៊ូ ក៏ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់បានមកសាកសួរដើម្បីចាត់ការតាមនីតិវិធីតែម្តង។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំងអស់គ្នាបានសារភាពថា៖ ពួកខ្លួនពិតជាបាននាំគ្នាជិះចេញពីសាលាវិទ្យាល័យស្អាង ទៅតាមឈ្មោះ ហុង(ធំ) ទៅធ្វើសកម្មភាពយកដុំថ្មគប់ និងបាញ់ចម្ពាមកៅស៊ូ ទៅលើផ្ទះជនរងគ្រោះជួសជុលម៉ូតូឈ្មោះ រិន សាវុធ ស្ថិតនៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕