រដ្ឋមន្ត្រី ប៉េង ពោធិ៍នា អញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាង “ច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក” ក្រោមការដឹកនាំ ឯកឧត្តម វង្សី វិស្សុត

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង នៅទីស្តីការគណៈរដ្ឋមន្ត្រី ក្រោមការដឹកនាំរបស់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ដោយមានការអញ្ជើញចូលរួមផងដែរពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំពីក្រសួង-ស្ថាប័នពាក់ព័ន្ធ និងមន្ត្រីជំនាញជាច្រើនរូបផ្សេងទៀត។

កិច្ចប្រជុំថ្ងៃនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យ និងពិភាក្សាលើសេចក្តីព្រាង “ច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក” ដែលជាសេចក្តីព្រាងច្បាប់កំណត់អំពីការគ្រប់គ្រង និងការអភិវឌ្ឍវិស័យដឹកជញ្ជូនតាមផ្លូវទឹក នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងដើម្បីរក្សាសណ្តាប់ធ្នាប់ ធានាសុវត្ថិភាព សន្តិសុខនៃការដឹកជញ្ជូនតាមផ្លូវទឹក ព្រមទាំងការកសាង និងថែរក្សាការពារហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ និងរួមចំណែកការពារបរិស្ថាន ព្រមទាំងផ្តល់កាលានុវត្តភាពវិនិយោគ និងការប្រកួតប្រជែងប្រកបដោយយុត្តិធម៌ សមធម៌ និងតម្លាភាព សម្រាប់ពាណិជ្ជកម្មជាតិ-អន្តរជាតិ ដើម្បីទ្រទ្រង់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

សមាជិក សមាជិកា នៃអង្គប្រជុំ បានធ្វើការជជែកពិភាក្សាផ្លាស់ប្តូរយោបល់យ៉ាងផុលផុស ដោយបានកែសម្រួលពាក្យពេជន៍ ឃ្លាឃ្លោង មួយចំនួន សំដៅកែលម្អ សេចក្តីព្រាង “ច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក” ឱ្យមានអត្ថន័យត្រឹមត្រូវ ពេញលេញ ច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ ដើម្បីឈានទៅបន្តអនុវត្តនីតិវិធីជំហានបន្ទាប់ នាពេលខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង