ឯកឧត្ដម ហ៊ុន ម៉ានី៖ ផ្តាំផ្ញើឱ្យសិក្ខាកាមធ្វើយ៉ាងណារក្សាឱ្យបាននូវស្មារតីសាមគ្គីឯកភាពផ្ទៃក្នុង និងបន្ថែមការប្រុងប្រយ័ត្នខ្ពស់ចំពោះកត្តាជ្រៀតជ្រែកដោយចេតនាណាមួយ

«រសៀលនេះ ខ្ញុំពិតជាមានសេចក្តីសោមនស្សចំពោះការផ្តល់កិត្តិយសពីគណៈឃោសនាអប់រំ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដើម្បីផ្តល់បទឧទ្ទេសនាមលើប្រធានបទ «ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងការកែទម្រង់រដ្ឋបាលសាធារណៈក្នុងវិស័យមុខងារសាធារណៈ» ជូនដល់សិក្ខាកាមវគ្គអប់រំនយោបាយរបស់គណបក្សប្រជាជនកម្ពុជា កម្រិត២ ជំនាន់ទី៦ ចំនួន ១២៥នាក់ នៅវិមាន៧មករា»។ នេះជាការថ្លែងបញ្ជាក់របស់ឯកឧត្ដម ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍របស់គណបក្សប្រជាជនកម្ពុជាដែលបណ្ដាញសារព័ត៌មាន The Mirror News ទើបទទួលបាននៅយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះ។

ឯកឧត្ដម ហ៊ុន ម៉ានី បានបន្តថ្លែងថា «ផ្តើមចេញពីការចែករំលែកអំពីភាពជាអ្នកដឹកនាំ និងតួអង្គអ្នកដឹកនាំគំរូរបស់កម្ពុជា ខ្ញុំបានគូសបញ្ជាក់ជូនសិក្ខាកាមទាំងអស់នូវដំណើរប្រវត្តិសាស្ត្រកម្ពុជា ព្រមទាំងបានរំលេចព្រឹត្តិការណ៍សំខាន់ៗជាសក្ខីភាពដែលកម្ពុជាបានធ្លាប់ឆ្លងកាត់ការសាកល្បងបំបែកបំបាក់សាមគ្គីផ្ទៃក្នុងដោយបរទេស»

ឯកឧត្ដមបានបន្តឲ្យដឹងទៀតថា «ទន្ទឹមនឹងការសង្កត់ធ្ងន់លើចំណុចខាងលើ ខ្ញុំផ្ទាល់ក្នុងនាមជាគ្រូឧទ្ទេស និងជាសមាជិកគណៈអចិន្ត្រៃយ៍របស់គណបក្សប្រជាជនកម្ពុជា ក៏បានផ្តាំផ្ញើឱ្យសិក្ខាកាមធ្វើយ៉ាងណារក្សាឱ្យបាននូវស្មារតីសាមគ្គីឯកភាពផ្ទៃក្នុង និងបន្ថែមការប្រុងប្រយ័ត្នខ្ពស់ចំពោះកត្តាជ្រៀតជ្រែកដោយចេតនាណាមួយ ជាពិសេសបន្តជឿជាក់យ៉ាងមុតមាំចំពោះគណបក្សប្រជាជន និងសម្តេចប្រធានគណបក្ស ហើយត្រូវក្តាប់ឱ្យបានគ្រប់ជ្រុងជ្រោយនូវកម្មវិធីគោលនយោបាយសម្រាប់កសាងជាតិ មាតុភូមិ ២០២៣-២០២៨»

ជាមួយនោះ ឯកឧត្ដម ហ៊ុន ម៉ានី បានថ្លែងបន្ថែមផងដែរថា «បន្ទាប់ពីការចែករំលែក និងពិភាក្សាយ៉ាងផុសផុលពីសំណាក់សិក្ខាកាម ក្នុងនាមសមាជិក និងជាសកម្មជនគណបក្សប្រជាជនកម្ពុជា យើងជឿជាក់ និងប្តេជ្ញាគាំទ្រឥតងាករេ ហើយចូលរួមជាមួយរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការសម្រេចចក្ខុវិស័យដឹកនាំសម្រាប់អាណត្តិទី៧ ជាពិសេសការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងការកែទម្រង់រដ្ឋបាលសាធារណៈ ឈានឆ្ពោះទៅកាន់ការរួមគ្នាសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០»

អត្ថបទដែលជាប់ទាក់ទង