អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសបារាំងក្នុងសប្តាហ៍នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បាននាំកិត្តិយសដ៏ត្រចះត្រចង់និងផលប្រយោជន៍យ៉ាងធំធេងជូនប្រទេសជាតិនិងប្រជាពលរដ្ឋ ព័ត៌មានជាតិ ចេញផ្សាយ ថ្ងៃទី 20 ខែ January ឆ្នាំ 2024 1,099 ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសបារាំងក្នុងសប្តាហ៍នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបាននាំកិត្តិយសដ៏ត្រចះត្រចង់និងផលប្រយោជន៍យ៉ាងធំធេងជូនប្រទេសជាតិនិងប្រជាពលរដ្ឋ។ ប្រមុខដឹកនាំរាជរដ្ឋាភិបាលបន្តវេននៃកម្ពុជាត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅលើកម្រាលព្រំក្រហមប្រកបដោយកិត្តិយសពីសំណាក់ប្រធានាធិបតីបារាំង ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ក៏ដូចប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងនាយករដ្ឋមន្ត្រីបារាំង ក្នុងឋានៈជាភ្ញៀវទស្សនកិច្ចកម្រិតខ្ពស់ដែលទទួលការអញ្ជើញដោយផ្ទាល់ពីឯកឧត្តមប្រធានាធិបតី។ ដំណើរទស្សនកិច្ចនេះបានលើកកម្ពស់ទំនាក់ទំនងប្រទេសទាំងពីរឱ្យកាន់តែមានលក្ខណៈស៊ីជម្រៅថែមមួយកម្រិតទៀត។ សូមកត់សម្គាល់ថា បារាំងគឺជាប្រទេសដ៏មានឥទ្ធិពលបំផុតមួយនៅអឺរ៉ុប។ ដូច្នេះ ភាពស៊ីជម្រៅនៃចំណងទាក់ទងកម្ពុជាបារាំងនឹងជះឥទ្ធិពលទៅលើទំនាក់ទំនងកម្ពុជានិងសហភាពអឺរ៉ុបទាំងមូល។ នេះគឺជាជំហានការទូតដ៏សំខាន់មួយទៀតនៃទំនាក់ទំនងកម្ពុជាបារាំង(និយាយដោយឡែក) និងកម្ពុជា-អឺរ៉ុប (និយាយជារួម) ក្នុងយុគសម័យសម្តេចធិបតី ហ៊ុន ម៉ាណែត។ នៅលើទិដ្ឋភាពសេដ្ឋកិច្ចវិញ គ្រាន់តែឈានជើងជាន់ទឹកដីបារាំងភ្លាម មេដឹកនាំវ័យក្មេងដ៏សកម្មរបស់កម្ពុជាបានទទួលជួបថ្នាក់ដឹកនាំក្រុមហ៊ុនធំៗរបស់បារាំងរហូតដល់ជាង១០ក្រុមហ៊ុន ក្នុងនោះក៏មានការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុនបារាំងចំនួន៦ផងដែរ។ នៅឯប្រទេសស្វីស ក្រៅពីចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក សម្តេចធិបតី ក៏បានទទួលជួបក្រុមហ៊ុនធំៗនៅអឺរ៉ុបចំនួន៩បន្ថែមទៀតដែលសរុបទៅមានក្រុមហ៊ុនអឺរ៉ុបមិនតិចជាង២០ទេ ដែលសម្តេចធីបតីទទួលជួបទល់មុខដោយមិនរាប់បញ្ចូលជំនួបក្នុងវេទិកាធុរកិច្ចកម្ពុជា-អឺរ៉ុប ដែលមានក្រុមហ៊ុនរាប់រយចូលរួមនោះផងទេ។ លទ្ធផលដ៏ត្រចះត្រចង់នេះមិនមែនកើតឡើងដោយចៃដន្យឡើយ ប៉ុន្តែ វាគឺជាស្នាដៃរួមគ្នាដែលសាងឡើងដោយមេដឹកនាំជំនាន់ទី១ គឺសម្តេចតេជោ ហ៊ុន សែន និងសមត្ថភាពដ៏ប៉ិនប្រសប់របស់មេដឹកនាំជំនាន់ទី២ គឺសម្តេចធិបតី ហ៊ុន ម៉ាណែត។ មេដឹកនាំចាស់ពូកែកសាងស្នាដៃ ខណៈអ្នកដឹកនាំថ្មីពូកែថែរក្សា ពូនជ្រុំ និងពង្រីកបន្ថែម។ នេះគឺជាចំណុចខ្លាំងរបស់កម្ពុជាដែលជាចលករលើកស្ទួយកិត្យានុភាពនិងមោទនភាពជាតិខ្មែរឱ្យខ្ពស់ត្រដែតលើឆាកអន្តរជាតិនិងដែលផ្តល់ភាពស័ក្តិសមសម្រាប់ប្រធានាធិបតី នាយករដ្ឋមន្ត្រីក៏ដូចជាប្រធានព្រឹទ្ធសភានិងរដ្ឋសភាបារាំងក្នុងការទទួលប្រមុខដឹកនាំកម្ពុជាលើកម្រាលព្រំក្រហមនៅលើទឹកដីនៃទ្វីបអឺរ៉ុប៕ ដោយឯកឧត្ដម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល 1,099 ចែករំលែក