ឯកឧត្តម ឈន សារ៉ាណេ ត្រូវបានគណៈឃោសនាអប់រំគណបក្ស និងប្រធានគណៈកម្មាធិការនៃគណបក្ស គ.២៧ ចាត់តាំងឲ្យឡើងថ្លែងចំណាប់អារម្មណ៍ក្នុងពិធីបិទវគ្គអប់រំនយោបាយរបស់គណបក្ស កម្រិតII ជំនាន់ទី៦

យោងតាមការចាត់តាំងរបស់គណៈឃោសនាអប់រំគណបក្ស និងប្រធានគណៈកម្មាធិការនៃគណបក្ស គ.២៧ ឯកឧត្តម ឈន សារ៉ាណេ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញចូលរៀនវគ្គអប់រំនយោបាយរបស់គណបក្ស កម្រិតII ជំនាន់ទី៦ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ដែលកម្មវិធីនេះត្រូវបានប្រារព្ធបើក និងបិទ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល។

នៅក្នុងពិធីបិទវគ្គអប់រំនយោបាយនេះ ឯកឧត្តម ឈន សារ៉ាណេ បានថ្លែងថា ឯកឧត្តមពិតជាមានកិត្តិយស និងមោទនៈភាព ដែលបានអង្គសិក្ខាកាម ១២៥នាក់ ចាត់តាំងជាតំណាងក្នុងការថ្លែងចំណាប់អារម្មណ៍ ដើម្បីបិទបញ្ចប់វគ្គផងដែរ។

នៅក្នុងចំណាប់អារម្មណ៍របស់ឯកឧត្តម ឈន សារ៉ាណេ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានគណៈប្រចាំការនៃ គណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងសូមគោរពឯកឧត្តមប្រធាន អនុប្រធានស្ថាប័នជុំវិញគណៈកម្មាធិការកណ្តាល, ឯកឧត្តមប្រធានគណៈគ្រប់គ្រងវគ្គ និងប្អូនៗមន្រ្តីសម្របសម្រួលវគ្គសិក្សា
ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវគ្គ និងពិធីបិទវគ្គអប់រំនយោបាយកម្រិត២ ជំនាន់ទី៦ ដែលបានញាំងឱ្យពិធីនេះ កាន់តែមានអត្ថន័យថ្លៃថ្លាប្រកបដោយកិត្តិយស ពោរពេញដោយមនោសញ្ចេតនាកក់ក្តៅ និងអនុស្សាវរីយ៍យ៉ាងជ្រាលជ្រៅបំផុតសម្រាប់យើងខ្ញុំជាសិក្ខាកាមទាំងអស់គ្នា។

នាឳកាសនោះ ឯកឧត្ដម ឈន សារ៉ាណេ បានថ្លែងថា ក្នុងរយៈពេល៦ថ្ងៃនេះ អង្គសិក្ខាកាមទាំងមូលពិតជាទទួលបានចំណេះដឹងថ្មីៗ ដែលមានសារៈសំខាន់ សម្រាប់ឲ្យសិក្ខាកាមទទួលបាននូវពុទ្ធិថ្មីៗបន្ថែមទៀត ក៏ដូចការចែករំលែកបទពិសោធន៍នានាពីគ្រូឧទ្ទេស ទាំងផ្នែកទ្រឹស្តី និងការអនុវត្តជាក់ស្តែងស្របតាមឯកសារនីមួយៗ។

ឯកឧត្ដមបានបន្តថា លើមូលដ្ឋានចំណេះដឹងនេះ នឹងជួយឲ្យសិក្ខាកាមម្នាក់ៗកាន់តែពង្រឹងបានសមត្ថភាពរបស់ខ្លួន មានការត្រិះរិះពិចារណាបានត្រឹមត្រូវ គ្រប់ជ្រុងជ្រោយ ដើម្បីចូលរួមការកសាងពង្រឹងគណបក្សនៅថ្នាក់មូលដ្ឋានរៀងៗខ្លួន សំដៅបន្តរក្សាប្រៀបខ្លាំងជូនគណបក្សដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ដើម្បីបន្តដឹកនាំប្រទេសកម្ពុជា ប្រកបដោយសុខសន្តិភាព រីកចម្រើនជឿនលឿន និងវិបុលភាពតទៅអនាគត ជាពិសេសដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ទន្ទឹមនោះ ឯកឧត្តម ឈន សារ៉ាណេ បានកត់សម្គាល់ឃើញថា កម្មវិធីនេះបានបញ្ចប់ក្នុងបរិយាកាសស្និទ្ធស្នាលពោរពេញដោយភាតរៈភាពនិងមោទនៈ ភាពក្រៃលែងដែលយើងទាំងអស់គ្នាបានបំពេញនូវបេសកកម្មដ៏ថ្លៃថ្លាដែលបក្សនិងរាជរដ្ឋាភិបាលបានប្រគល់ជូន។

ក្នុងពិធីដ៏មានអត្ថន័យខាងលើនេះ ឯកឧត្ដមសូមឲ្យសកម្មភាពនិងស្នាមញញឹមដែលបងប្អូនយើងបានបន្សល់ទុករវាងគ្នានិងគ្នាចាប់តាំងពីថ្ងៃទី១(ដំបូង)រហូតមកដល់ថ្ងៃបញ្ចប់(បិទវគ្គ)ស្ថិតក្នុងក្រអៅបេះដួងយើងទាំងអស់គ្នាដែលមិនអាចបំភ្លេចបាន ព្រមទាំងប្រែក្លាយនូវអនុស្សាវរីយ៍ដ៏មានអត្ថន័យនេះទៅជាអាវុធដ៏មុតស្រួចដែលអាចសម្រេចបាននូវភាពជោគជ័យក្នុងសង្គមជាតិហើយក៏ឆ្លុះបញ្ចាំងឲ្យឃើញថាបងប្អូនយើងទាំងអស់គ្នាពិតជាសម្រេចបាននូវរាល់លក្ខ័ន្តិកៈនិងគោលការណ៍របស់បក្សព្រមទាំងគោលនយោបាយរបស់រដ្ឋាភិបាលដែលបានដាក់ចេញកន្លងមកសម្រេចបានូវលទ្ធផលជាផ្លែផ្កា៕

អត្ថបទដែលជាប់ទាក់ទង