រឿងល្អ ពិតជារឿងល្អណាស់, ពេលនេះសំណុំរឿងទំនាស់ដីធ្លីមួយករណីនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំត្រូវបានដោះស្រាយបញ្ចប់ក្រោមស្នាមញញឹមនៃភាគីទាំងសងខាងហើយ

 


ក្រុមការងារសាលាឧទ្ធរណ៍ត្បូងឃ្មុំដឹកនាំដោយឯកឧត្ដម រៀល សុភិន និងឯកឧត្ដម ពេជ្រ ចិន្តា ជាចៅក្រមក្រុមប្រឹក្សា អមដំណើរដោយលោកស្រី គួច រ៉ូសរីម៉ី ជាក្រឡាបញ្ជី និងក្រុមការងារ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ បានចុះពិនិត្យទីតាំងដីទំនាស់មួយកន្លែង នៅក្នុងសំណុំរឿងសភារដ្ឋប្បវេណីលេខ ៥០ ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ របស់សាលាឧទ្ធរណ៍ត្បូងឃ្មុំ ដែលមានទីតាំងស្ថិតនៅភូមិព្រៃពន្លិច សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែនខេត្តកំពង់ធំ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធនៅក្នុងសំណុំរឿង។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤នេះ។

ប្រភពព័ត៌មានបានបញ្ជាក់ថា ជាលទ្ធផល ក្រុមការងារបានលើកយកយុទ្ធសាស្ត្រ ឈ្នះឈ្នះ ជាមូលដ្ឋានក្នុងការសម្របសម្រួលឱ្យគូភាគីបានយល់ព្រមផ្សះផ្សារគ្នា ព្រមទាំងបានទទួលយកដំណោះស្រាយ និងព្រមដកពាក្យបណ្តឹងដើម្បីបញ្ចប់ វិវាទរវាងគ្នានឹងគ្នាផងដែរ។

គួររំលឹកផងដែរថា បើយោងតាមប្រសាសន៍របស់ឯកឧត្ដម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានលើកឡើងនាពេលកន្លងមកថា «ការដោះស្រាយវិវាទ ដោយការសម្របសម្រួលផ្សះផ្សារគ្នា ដែលធានាបានបរិយាកាស ឈ្នះ ឈ្នះ រវាងគូវិវាទ គឺមានមូលដ្ឋានគ្រឹះ នៅក្នុងនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន »។

គួរជម្រាបជូនផងដែរថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានបញ្ជាក់ហើយថា «យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលរាជរដ្ឋាភិបាលបានរៀបចំ មិនមែនជាការចាប់បង្ខំប្រជាពលរដ្ឋឱ្យជ្រើសរើសប្រើប្រាស់សេវានេះទេ ប៉ុន្តែជាការផ្តល់ជម្រើសបន្ថែម និងត្រូវប្រើប្រាស់ដោយមានការស្ម័គ្រចិត្ត។ សម្តេចធិបតីសង្ឃឹមថា យន្តការថ្មីនេះ នឹងអាចជួយដល់ប្រជាពលរដ្ឋ ហើយអំពាវនាវឱ្យមានការចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយដើម្បីពន្យល់ដល់ប្រជាពលរដ្ឋ»។

សូមជម្រាបថា អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលទើបបង្កើតនាពេលថ្មីៗនេះ ដែលមានឯកឧត្ដមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាប្រធាន នឹងចាប់ផ្ដើមទទួលពាក្យបណ្ដឹង ចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤តទៅ។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ជូនផងដែរថា អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ មិនមែនជាយុទ្ធការកាត់ក្ដីជំនួសតុលាការនោះទេ ដូច្នេះគោលការណ៍ នៅក្នុងការដោះស្រាយ គឺការសម្របសម្រួលផ្សះផ្សារវិវាទ និយាយឲ្យសាមញ្ញា ចំណុះទៅលើការសម្រេចរបស់គូភាគីទាំងអស់៕

អត្ថបទដែលជាប់ទាក់ទង