សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គោរមងារឧកញ៉ាផ្តល់ជូនអ្នកមានគុណសម្បត្តិដែលបានរួមចំណែកក្នុងការជួយសង្គមជាតិ និងប្រជាជន និងដែលបានខិតខំ និងទទួលផលពីការតស៊ូរបស់ខ្លួន មិនត្រឹមតែសម្រាប់ផ្ទាល់ខ្លួន ប៉ុន្តែសម្រាប់ជួយដល់អ្នកពាក់ព័ន្ធ និងអ្នកដទៃទៀត
(កណ្ដាល)៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំលើកទី២ បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅផែនការឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា នារសៀលថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥ថា គោរមងារឧកញ៉ាផ្តល់ជូនអ្នកមានគុណសម្បត្តិ និងដែលបានរួមចំណែកក្នុងការជួយសង្គមជាតិ និងប្រជាជន ព្រមទាំងបានខិតខំ និងទទួលផលពីការតស៊ូរបស់ខ្លួនក្រោមសុខសន្តិភាពរបស់ប្រទេស ហើយការរីកចម្រើននេះ មិនត្រឹមតែសម្រាប់ផ្ទាល់ខ្លួនទេ ប៉ុន្តែសម្រាប់ជួយដល់អ្នកពាក់ព័ន្ធ បុគ្គលិក និងការរួមចំណែកក្នុងការកសាងសមិទ្ធផលសង្គម កិច្ចការមនុស្សធម៌ និងជួយអ្នកដទៃ។ ដូច្នេះ សូមទាំងអស់គ្នាថែរក្សាកិត្តិនាម, កិត្តិយស និងគុណសម្បត្តិដ៏ល្អផូរផង់នេះ សម្រាប់បន្តជួយដល់សង្គមជាតិ និងគោរម្សងារដ៏មានតម្លៃឱ្យបានយូរអង្វែង។
សម្តេចបានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកកិច្ចការទូតសេដ្ឋកិច្ច ជាកិច្ចការអាទិភាព និងយកចិត្តទុកដាក់ ដោយមិនត្រឹមតែការធ្វើការទាក់ទាញក្នុងប្រទេសប៉ុណ្ណោះទេ តែក៏បានជំរុញការទាក់ទាញការវិនិយោគពីក្រៅប្រទេស ផងដែរ។
ជាមួយគ្នានេះ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់សភាពាណិជ្ជកម្មកម្ពុជា និងសមាគមឧកញ៉ាកម្ពុជា ដែលបានផ្តល់ការសហការ គាំទ្រ និងធ្វើសកម្មភាពយ៉ាងសកម្មក្នុងការភ្ជាប់វិស័យឯកជន ជាមួយនឹងវិស័យឯកជន ដែលបង្កើនភាពទាក់ទាញ និងជំរុញការវិនិយោគឱ្យមានសន្ទុះកើនឡើងគួរឱ្យកត់សម្គាល់។ រាជរដ្ឋាភិបាលមិនអាចធ្វើតែម្នាក់ឯងបាននោះទេ ពោលគឺដើរតួជាស្ពានភ្ជាប់, ដាក់ចេញនូវគោលនយោបាយ និងបើកច្រកព្រំដែន ឯវិស័យឯកជន គឺជាអ្នកឆ្លើយឆ្លងជាមួយនឹងវិស័យឯកជន និងបន្តទំនាក់ទំនងប្រទាក់ក្រឡា។ ក្នុងន័យនេះ, យើងទាំងអស់គ្នាត្រូវប្រើប្រាស់កម្លាំងសរុប ទើបអាចទាក់ទាញវិនិយោគិនបាន ព្រោះវិស័យឯកជនជឿជាក់វិស័យឯកជន។ ជាលទ្ធផលគួរជាទីមោទននៅក្នុងឆ្នាំ២០២៤, កម្ពុជាទទួលបានការស្នើសុំ និងអនុម័តគម្រោងជាផ្លូវការបានចំនួន ៤១៤គម្រោង ស្មើនឹងទឹកប្រាក់ជាង ៦,៨ ប៊ីលានដុល្លារ គឺជាឆ្នាំដែលមានការវិនិយោគច្រើនជាងគេមិនធ្លាប់មាននៅកម្ពុជា។
សម្តេចបានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា នឹងផ្តល់ការលើកទឹកចិត្ត និងបង្កលក្ខណៈងាយស្រួលសម្រាប់វិស័យឯកជន ដែលវិនិយោគលើការវិនិយោគផលិតផលគាំទ្រខ្សែច្រវាក់ផលិតកម្ម ដើម្បីធានាដល់និរន្តរភាព និងកម្លាំងនៃការផលិតក្នុងស្រុកឱ្យកាន់តែសកម្ម មានតម្លៃទាប និងប្រសិទ្ធភាពខ្ពស់សម្រាប់បំពេញសេចក្តីត្រូវការក្នុងស្រុកផង និងនាំចេញផង។
សម្តេចធិបតីបានគូសបញ្ជាក់ថា សន្តិភាពនៅតែកត្តាគន្លឹះសម្រាប់កម្ពុជា សម្រាប់ទាំងអស់គ្នា និងសម្រាប់ការវិនិយោគ ពិសេសសម្រាប់វិស័យឯកជនតែម្តង។ សន្តិភាព គឺជាកត្តាគន្លឹះ និងអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានប្រកាន់គោលជំហ និងប្តេជ្ញាថែរក្សាឱ្យខាងតែបាន ទោះក្នុងតម្លៃណាក៏ដោយ ពិសេសតាមរយៈការការពារអធិបតេយ្យភាព, ស្ថេរភាព និងបូរណភាពទឹកដី។ ពេលណាមានសង្គ្រាម, អ្នកដែលលំបាកមុនគេនោះ គឺកងទ័ព និងប្រជាជននៅទីតាំងដែលមានជម្លោះ, បន្ទាប់គឺប្រជាជន និងសេដ្ឋកិច្ចកម្ពុជា រួមទាំងវិនិយោគិន ផងដែរ។ ដូច្នេះ, រាជរដ្ឋាភិបាលតែងមានវិធីសាស្ត្រក្នុងការដោះស្រាយ និងធ្វើការយ៉ាងប្រាកដប្រជា ប្រកាន់ខ្ជាប់នូវការដោះស្រាយដោយសន្តិវិធី, ចរចាលើកិច្ចការបច្ចេកទេស និងក្របខណ្ឌច្បាប់ និងកិច្ចសហប្រតិបត្តិការច្បាស់លាស់ តែយើងរក្សាសិទ្ធិក្នុងការការពារខ្លួន, ការពារអធិបតេយ្យ និងបូរណភាពទឹកដី ដោយបានត្រៀមលក្ខណៈគ្រប់យន្តការ៕