ឧបនាយកមន្រ្តី កើត រិទ្ធ ស្នើឲ្យគណៈគ្រប់គ្រងសាលាបឋមសិក្សាព្រៃទទឹងលើកកម្ពស់គុណភាពអប់រំដើម្បីប្រែក្លាយជាសាលាគំរូមួយប្រកបដោយគុណភាព ស្របតាមបំណងប្រាថ្នារបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម កើត រិទ្ធ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីព្រឹកថ្ងៃសៅរ៍ ១០កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារសិក្សា ២ខ្នង អគារបណ្ណាល័យ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធនានានៅសាលាបឋមសិក្សាព្រៃទទឹង។

ជាមួយនឹងការពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនចំពោះ ឯកឧត្តម លោកជំទាវ ឧកញ៉ា អស់លោក លោកស្រី លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល និង សិស្សានុសិស្ស, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជនទាំងអស់ ដែលបានចូលរួមជួយឧបត្ថម្ភជាថវិកា សម្រាប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទាំងអស់ខាងលើ ព្រមទាំងឧបត្ថម្ភជាសម្ភារៈបរិក្ខារផ្សេងៗដល់សាលាបឋមសិក្សាព្រៃទទឹងនេះផងដែរ។

ទន្ទឹមនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានជំរុញឱ្យលោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាលសិស្ស អាជ្ញាធរពាក់ព័ន្ធ ព្រមទាំងសហគមន៍ទាំងមូល ចូលរួមចំណែកលើកកម្ពស់គុណភាពអប់រំ នៅសាលាបឋមសិក្សាព្រៃទទឹង ដើម្បីប្រែក្លាយសាលានេះជាសាលាគំរូមួយប្រកបដោយគុណភាព ស្របតាមបំណងប្រាថ្នារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជា ដើម្បីចូលរួមអនុវត្តកម្មវិធីនយោបាយ ជាពិសេស វិធានការគន្លឹះទី២ របស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការលើកកម្ពស់គុណភាពអប់រំ៕

អត្ថបទដែលជាប់ទាក់ទង