ក្នុងកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី២ នៃខែមករា ដើម្បីពិនិត្យវឌ្ឍនភាព និងទិសដៅការងារបន្ត រដ្ឋមន្ត្រីសុខាភិបាលស្នើឱ្យអង្គភាពជំនាញពាក់ព័ន្ធត្រូវពង្រឹងការងារអប់រំសុខភាព
រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្ដមសាស្ត្រាចារ្យ ឈាង រ៉ា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ លើកទី២ នៃខែមករា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត។
ឯកឧត្ដមរដ្ឋមន្ត្រីបានស្នើឱ្យអង្គភាពជំនាញពាក់ព័ន្ធត្រូវពង្រឹងការងារអប់រំសុខភាព ជម្រុញការងារលើកកម្ពស់សុខភាពឱ្យបានច្រើន និងត្រូវធ្វើការពិនិត្យនូវរបាយការណ៍វឌ្ឍនភាពដែលបានធ្វើកន្លងមក។ ចំពោះរបាយការណ៍ត្រូវរៀបចំឱ្យខ្លីខ្លឹម ទាំងខ្លឹមសារបច្ចេកទេសងាយយល់ និងមានពាក្យស្លោកខ្លីៗផងដែរ។
ឯកឧត្ដមសាស្រ្តាចារ្យរដ្ឋមន្ត្រីក៏បានជូនពរ និងថ្លែងអំណរគុណ កោតសរសើរដល់ក្រុមការងារក្រសួងសុខាភិបាល ដែលបានយកចិត្តដាក់ក្នុងការបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងខិតខំប្រឹងប្រែងចុះទៅពង្រឹងសេវាសុខាភិបាលនៅមូលដ្ឋានរួមមាន មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព សូមបន្តការចូលរួមសហការសកម្មភាពបែបនេះបន្តទៀត។
គួរជម្រាបថា កិច្ចប្រជុំខាងលើនេះ បានរៀបចំឡើងតាមរយៈប្រព័ន្ធហ៊ីប្រីដ៍ Hybrid ដែលមានការអញ្ជើញចូលរួមផ្ទាល់នៅទីស្តីការក្រសួងសុខាភិបាលរួមមាន រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គនាយក និងអគ្គាធិការនៃក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំនៅរាជធានី-ខេត្ត តាមរយៈប្រព័ន្ធវីដេអូសន្និសីទ៕