លោកជំទាវទី១របស់កម្ពុជា ផ្ញើសារថ្លែងអំណរគុណជូនលោកអ៊ុំ ពូមីង បងប្អូនគ្រប់គ្នា ដែលបានផ្ញើសារជូនពរក្នុងថ្ងៃខួបកំណើតរបស់លោកជំទាវ
«ជាដំបូងនាងខ្ញុំសូមអភ័យទោសដោយមិនបានផ្ញើសារផ្ទាល់ទៅជូនលោកអ៊ុំ ពូមីង បងប្អូនគ្រប់គ្នា ដែលបានផ្ញើសារជូនពរនាងខ្ញុំក្នុងថ្ងៃខួបកំណើត»។ នេះជាការលើកឡើងរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា អនុប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងជាអគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជានៅលើទំព័រហ្វេសប៊ុកនាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤នេះ។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានបន្តលើកឡើងថា នាងខ្ញុំសូមអរគុណដល់បងប្អូនទាំងអស់គ្នាចំពោះសារជូនពរយ៉ាងកក់ក្តៅ និងសូមថ្លែងអំណរគុណជូនចំពោះបងប្អូនទាំងអស់គ្នាដែលបានស្រលាញ់រាប់អាននាងខ្ញុំ ឆ្លៀតឱកាសនេះនាងខ្ញុំក៏សូមជូនពរដល់លោកអ៊ុំ ពូមីង បងប្អូនទាំងអស់គ្នានិងក្រុមគ្រួសារឲ្យបានប្រកបទៅដោយសេចក្តីសុខ សុភមង្គលនិងទទួលបានជោគជ័យលើគ្រប់ភារកិច្ចទាំងអស់ ជាពិសេសមានសុខភាពល្អ។
គួរជម្រាបជូនថា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា អនុប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងជាអគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជាត្រូវបានថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់និងសាធារណៈជនបានផ្ញើសារសូមគោរពជូនពរក្នុងឱកាសដ៏មង្គលថ្លៃថ្លា នៃថ្ងៃចម្រើនជន្មាយុគម្រប់ ៤៣ឆ្នាំ ឈានចូល ៤៤ឆ្នាំ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤នេះ។
ដោយពួកគាត់បានយកឱកាសដ៏វិសេសវិសាលនេះ សម្តែងនូវការកោតសរសើរ និងគោរពស្ញប់ស្ញែងដោយស្មោះជូនចំពោះលោកជំទាវបណ្ឌិត ដែលកន្លងមក បានលះបង់កម្លាំងកាយ ចិត្ត បញ្ញាស្មារតី ចូលរួមដឹកនាំសមាគមកាយឫទ្ធិនារីកម្ពុជា និងសកម្មភាពមនុស្សធម៌នានា ពិសេសវិស័យសុខាភិបាល ព្រមទាំងបានចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ក៏ដូចជាចូលរួមថែរក្សា ការពារនូវសុខសន្តិភាព ស្ថិរភាព ឯកភាពជាតិ និងការអភិវឌ្ឍលើគ្រប់វិស័យ។
ទន្ទឹមនោះពួកគាត់បានសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយប្រោះព្រំប្រសិទ្ធពរ បវរសួស្តី ជ័យមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការជូនលោកជំទាវបណ្ឌិត និងសម្តេចធិបតីនាយករដ្ឋមន្ត្រី ព្រមទាំងបុត្រាបុត្រី សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕