រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបណ្ដេញមន្ត្រីនគរបាល៤រូបចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ព្រោះល្មើសវិន័យ
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្ដម ស សុខា កាលពីថ្ងៃទី១៨ ខែមករា ឆ្នំា២០២៤ បានចេញសេចក្តីប្រកាសស្តីពីការបណ្តេញចេញមន្ត្រីនគរបាល ៤រូបចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ដោយមូលហេតុ ល្មើសវិន័យ។ នេះបើតាមសេចក្ដីប្រកាសដែលបណ្ដាញសារព័ត៌មាន The Mirror News នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤។
នៅក្នុងប្រការ១ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្ដម ស សុខា បានសម្រេចថា ត្រូវបានអនុវត្តវិន័យចំពោះមន្ត្រីនគរបាលចំនួន៤រូប នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម នៃក្រសួងមហាផ្ទៃ តាមរូបភាព ដកហូតមុខតំណែង ឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ដោយមូលហេតុ ល្មើសវិន័យ របស់កងកម្លាំងនគរបាលជាតិ ដូចមានឈ្មោះខាងក្រោម៖
១- លោកពលបាលត្រី ទូច យុទ្ធា អត្តលេខ ០៥៥២៥ អនុប្រធានលេខាធិការដ្ឋាន។
២-លោកពលបាលត្រី តាំង គង់ អត្តលេខ ៨៤៣០៣ អនុប្រធានលេខាធិការដ្ឋាន។
៣-លោកពលបាលត្រី ជូ ផល្លីឌីន អត្តលេខ ៨៤៣៩២ អនុប្រធានលេខាធិការដ្ឋាន។
៤-លោកពលបាលត្រី ខៃ វណ្ណៈ អត្តលេខ ៦៨៤១៩ អនុប្រធានលេខាធិការដ្ឋាន។
ប្រការ២៖ ប្រាក់បៀវត្ស និងរបបឧបត្ថម្ភផ្សេងៗត្រូវបានកាត់ផ្តាច់ និងលុបចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ចាប់ពីខែ ឆ្នាំ២០២៤ តទៅ។
ប្រការ៣៖ បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។
ប្រការ៤៖ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកនៃ អគ្គនាយកដ្ឋានធនធានមនុស្ស អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ប្រធានគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ប្រធាននាយកដ្ឋានបុគ្គលិកមន្ត្រីនគរបាលជាតិ ប្រធាននាយកដ្ឋានគោលនយោបាយ ប្រធាននាយកដ្ឋាន- ប្រធានអង្គភាពពាក់ព័ន្ធ និងសាមីខ្លួនដែលមានឈ្មោះក្នុងប្រការ១ ត្រូវអនុវត្តតាមប្រកាសនេះចាប់ពីថ្ងៃ ចុះហត្ថលេខាតទៅ៕
ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មាន៖