លោកស្នងការ ជួន ណារិន្ទ៖ «កម្លាំងសមត្ថកិច្ចជំនាញរបស់ស្នងការដ្ឋាននគរបាលរាជធានី បានចេញយុទ្ធនាការរឹតបន្តឹងច្បាប់ ត្រួតពិនិត្យជាតិអាល់កុល ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ជាប្រចាំដោយមិនលើកលែង»

អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ចេញកម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញយុទ្ធនាការរឹតបន្ដឹងច្បាប់ ត្រួតពិនិត្យជាតិអាល់កុល ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញជាប្រចាំដោយគ្មានការលើកលែងចំពោះបុគ្គលណាម្នាក់នោះឡើយ ហើយចាប់ផ្ដើមពីយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤នេះតែម្ដង។

បើតាមលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់នៅព្រលប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤នេះថា «កម្លាំងសមត្ថកិច្ចជំនាញរបស់ស្នងការដ្ឋាននគរបាលរាជធានី បានចេញយុទ្ធនាការរឹតបន្តឹងច្បាប់ ត្រួតពិនិត្យជាតិអាល់កុល ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ជាប្រចាំដោយមិនលើកលែង»។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបន្តថាយុទ្ធនាការរឹតបន្ដឹងច្បាប់ត្រួតពិនិត្យជាតិអាល់កុលនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងបង្ការកុំឲ្យមានអ្នកស្លាប់ និងរបួសដោយសារគ្រោះថ្នាក់សង្គមមួយនេះ។

គួររំលឹកថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីភាពបិទសន្និបាតបូកសរុប លទ្ធផលការងារប្រចាំឆ្នាំ របស់ក្រសួងព័ត៌មាន បានដាក់ចេញការណែនាំដល់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដើម្បីឲ្យពង្រឹងការត្រួតពិនិត្យជាតិស្រវឹងលើអ្នកបើកបរ។ការណែនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងបន្ទាប់ពីឃើញមានសោកនាដកម្ម ដោយសារគ្រោះថ្នាក់ចរាចរណ៍មួយរយៈពេលចុងក្រោយនេះ ហាក់កើនឡើងគួរឲ្យព្រួយបារម្ភ ដែលក្នុងនោះករណីគ្រោះថ្នាក់ចរាចរណ៍ភាគច្រើន តែងតែបង្កដោយអ្នកបើកស្ថានក្រោមឥទ្ធិពលនៃគ្រោះស្រវឹង ហើយនៅពេលមានគ្រោះថ្នាក់ម្ដងៗ តែងតែមានអ្នកស្លាប់ និងរបួសជាច្រើននាក់។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំថា ការពង្រឹងការអនុវត្តវិធានការត្រួតពិនិត្យគ្រឿងស្រវឹងនេះ ត្រូវធ្វើយ៉ាងណាកុំឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ ហើយជៀសវាងនូវបាតុភាពផ្សេងៗដែលអាចកើតមានឡើង។ ជាមួយគ្នានេះ អ្នកសារព័ត៌មាន ក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ អំពីផលប៉ះពាល់ដោយសារគ្រឿងស្រវឹង គ្រឿងញៀនជាដើម៕

អត្ថបទដែលជាប់ទាក់ទង