រដ្ឋមន្ត្រីសុខាភិបាល ឈាង រ៉ា ជំរុញឲ្យគ្រប់មន្ទីរពេទ្យត្រូបរៀបចំកែលំអប្រព័ន្ធការត្រួតពិនិត្យសុខភាព (Medical Check Up) សម្រាប់អ្នកទទួលសេវា ក្នុងការពិនិត្យព្យាបាលដោយប្រសិទ្ធភាព
រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា នារសៀលថ្ងៃព្រហស្បតិ៍ ទី២៥ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែមករា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត។
ក្នុងកិច្ចប្រជុំនេះមឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ជំរុញឲ្យថ្នាក់ដឹកនាំគ្រប់កម្រិត និងប្រធានមន្ទីរសុខាភិបាល ជាពិសេសមន្រ្តីជំនាញដែលបម្រើសេវាសាធារណៈ សូមបន្តយកចិត្តទុកដាក់ បន្តប្រុងប្រយ័ត្នខ្ពស់ និងមានមតិយោបល់ ដើម្បីដោះស្រាយនូវរាល់បញ្ហាប្រឈមមាននៅក្នុងបន្ទុក ដែលជួបប្រទះ ឬរាំងស្ទះជាយូរមកហើយ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានរំលឹកឡើងវិញនូវគ្រប់បញ្ហាដែលប្រឈមដើម្បីយកមកឆ្លុះបញ្ចាំងខ្លួនឯងស្វែងរកចំណុចខ្វះខាត និងកែតម្រូវបំពេញបន្ថែមជាប់ជាប្រចាំ។
ឯកឧត្ដមបានបន្ថែមទៀតថា នៅគ្រប់មន្ទីរពេទ្យ ជាពិសេសមន្ទីរពេទ្យនៅកម្រិតថ្នាក់ជាតិ ជំហានបឋមសូមឱ្យរៀបចំកែលំអប្រព័ន្ធការត្រួតពិនិត្យសុខភាព (Medical Check Up) សម្រាប់អ្នកទទួលសេវា ក្នុងការពិនិត្យព្យាបាលដោយប្រសិទ្ធភាព និងគោរពជំហានការងារពីនេះទៅមុខដើម្បីឱ្យប្រសើរឡើង។
ជាមួយនោះ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់ជូនអនុសាសន៍គន្លឹះៗ ដែលជាជំនួយស្មារតីដំណោះស្រាយលើបញ្ហាប្រឈមនានាៗ។
គួរបញ្ជាក់ថា កិច្ចប្រជុំនេះរៀបចំឡើងតាមប្រព័ន្ធ Hybrid ដែលមានការចូលរួមដោយផ្ទាល់ពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក អគ្គាធិការ និងឯកឧត្តម លោកជំទាវ លោក លោកស្រី អគ្គនាយករង ប្រធាន-អនុប្រធានអង្គភាពថ្នាក់កណ្តាល និងប្រធានការិយាល័យនៃទីស្តីការក្រសួងសុខាភិបាល និងតាមប្រព័ន្ធអនឡាញ ជាប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី-ខេត្ត៕