ក្រុមគ្រួសារជនរងគ្រោះសូមថ្លែងអំណរគុណដល់លោកព្រះរាជអាជ្ញាខេត្តកំពង់ចាមជួយសម្របសម្រួល និងយល់ព្រមដកពាក្យបណ្ដឹង ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍

 

មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តម៉ាកហ៊ិនដាយ (រថយន្តដឹកបន្លែផ្លែឈើ) បើកបរដោយឈ្មោះ ធឿន អ៊ាងថៃ ភេទស្រី អាយុ៣៤ឆ្នាំ និងរួមដំណើរដោយកូនស្រីម្នាក់បានបុកប៉ះនឹងម៉ូតូម៉ាកហុងដា ពណ៌ខ្មៅ ស្លាកលេខ ត្បូងឃ្មុំ1E-9826 បើកបរដោយឈ្មោះ ហុន ស្រីណែត ភេទស្រី អាយុ១៩ឆ្នាំ និងបានឌុបឈ្មោះ អាន ស្រីឌឿន ភេទស្រី អាយុ២០ឆ្នាំ ជាតិខ្មែរ នៅភូមិកោងកាង ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ពាក់មួកសុវត្ថិភាព កាលពីវេលាម៉ោង ២៣៖៤៥នាទី ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ នៅចំណុចកែងកាកបាទក្រហម ស្ថិតក្នុងភូមិទី១៥ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្តាលមកពីស្រ្តីអ្នកបើករថយន្តដឹកបន្លែ បើកបរមិនគោរពសិទ្ធិអាទិភាព បណ្តាលឱ្យបុកប៉ះអ្នកបើកបរម៉ូតូ ហើយបណ្តាលឱ្យអ្នកបើកបរដែលមិនពាក់មួកសុវត្ថិភាពស្លាប់ និងអ្នកជិះជាមួយបានពាក់មួកសុវត្ថិភាពរងរបួសស្រាល។

ក្រោយកើតហេតុស្រ្តីអ្នកបើកបររថយន្តដឹកបន្លែមិនបានរត់គេចពីកន្លែងកើតហេតុនោះទេ និងបានសហការជាមួយសមត្ថកិច្ចនៃអធិការដ្ឋានក្រុងកំពង់ចាមមកបំភ្លឺហេតុការណ៍បន្ថែមនៅអធិការដ្ឋាន។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤។

ប្រភពបានបន្តថា ជាមួយនោះ សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនមកអយ្យការអមសាលាដំបូងខេត្តកំពង់ចាមនាថ្ងៃនេះ។ ក្រោយពីបានបញ្ជូនសំណុំរឿងមកដល់អយ្យការកំពង់ចាម ស្រ្តីអ្នកបើកបរ និងក្រុមគ្រួសារបានបង្ហាញការសោកស្តាយចំពោះឧប្បត្តិហេតុនេះ និងស្ម័គ្រចិត្តក្នុងការជួយដោះស្រាយសំណងដល់ក្រុមគ្រួសារជនរងគ្រោះទាំងពីរ ក្រោមការសម្របសម្រួលរបស់ស់តំណាងអយ្យការ។

ទន្ទឹមគ្នានេះក្រុមគ្រួសារជនរងគ្រោះទាំងពីរក៏បានព្រមព្រៀងទទួលយកនូវសណ្តានចិត្ត និងសំណងពីក្រុមគ្រួសារស្រ្តីអ្នកបើកបររថយន្តដឹកបន្លែផងដែរ ហើយបានសម្រេចចិត្តដកពាក្យបណ្តឹង។

តាមប្រភពបានបញ្ជាក់ថា ដ្បិតថាមានការដកពាក្យបណ្តឹងផ្នែករដ្ឋប្បវេណីក្នុងសំណុំរឿងនេះក៏ដោយតំណាងអយ្យការក៏នៅតែបន្តចាត់ការសំណុំរឿងនេះតាមនីតិវិធីច្បាប់ដដែល។

យ៉ាងណាមិញ តំណាងអយ្យការបានផ្តល់នូវការសម្របសម្រួលដោយអនុញ្ញាតដោះលែងស្ត្រីអ្នកបើកបររថយន្តដឹកបន្លែ ដែលមានកូនស្រីតូចត្រូវថែរក្សាបីបាច់នោះ ឲ្យមានសេរីភាពវិញជាបណ្តោះអាសន្នសិន។ ចំណែកឯវត្ថុតាងចាប់យក តំណាងអយ្យការបានសម្របសម្រួលប្រគល់ជូនក្រុមគ្រួសារជនរងគ្រោះវិញភ្លាមនៅរសៀលនេះតែម្តងផងដែរ។

បើតាមម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ពូ បឿន បានឲ្យដឹងថា ថ្ងៃនេះ ទី២៥ ខែមករា ឆ្នាំ២០២៤ បានមកជួបអ្នកបើកឡានប៉ះកូនស្រីកាលនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ដើម្បីទទួលសំណងសំរាប់យកទៅព្យាបាលកូនស្រី ដោយមានលោកព្រះរាជអាជ្ញាខេត្តកំពង់ចាមជួយសម្រុះសម្រួលយ៉ាងយកចិត្តទុកដាក់ពេញមួយថ្ងៃ។សូមអរគុណលោកខ្លាំងណាស់។

បើតាមម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Sokha បានឲ្យដឹងថា ពុក និងបង បានទទួលសំណងសម្រាប់ធ្វើបុណ្យជូនប្អូនហើយ ប្អូនស្រីសំណប់ ។ ពួកខ្ញុំទាំងអស់គ្នា សូមថ្លែងអំណរគុណលោកព្រះរាជអាជ្ញាកំពង់ចាមដែលបានខិតខំជួយសម្របសម្រួលឲ្យពួកខ្ញុំបានទទួលសំណងយ៉ាងឆាប់រហ័ស និងក្នុងចំនួនសមរម្យ លើករណីគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ នៅក្នុងក្រុងកំពង់ចាម និងបានអនុញ្ញាតឲ្យខ្ញុំបានយកម៉ូតូទៅប្រើប្រាស់ឡើងវិញ។ សូមជូនពរលោកព្រះរាជអាជ្ញា និងមន្ត្រីទាំងអស់ទទួលបានជោគជ័យគ្រប់ភារកិច្ច៕

អត្ថបទដែលជាប់ទាក់ទង