ឃាត់ខ្លួនជនសង្ស័យ៤នាក់ ករណីរក្សាទុកចែកចាយគ្រឿងញៀនដោយខុសច្បាប់
ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកឯកភ្នំ និងអធិការដ្ឋាននគរបាលស្រុកមោងឫស្សី នៅវេលាម៉ោង១៤៖០០នាទី ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ បានចុះប្រតិបត្តិការបង្ក្រាបករណីរក្សាទុក ចែកចាយ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ២ករណីផ្សេងគ្នា ក្នុងបទល្មើសជាក់ស្តែង។
កិច្ចប្រតិបត្តិការទី១ នៅចំណុចភូមិក្បាលតោល ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះជីវាំង នៃអធិការដ្ឋាននគរបាលស្រុកឯកភ្នំ ដឹកនាំដោយលោកវរសេនីយ៍ឯក ឡុង យោធាវីរ: អធិការនគរបាលស្រុកឯកភ្នំ បានចុះប្រតិបត្តិការបង្ក្រាបករណីរក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង។
ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ០២នាក់ ១.ឈ្មោះ ង្វៀង វុឹងសុង ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិក្បាលតោល ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង និង២.ឈ្មោះ ប៊ួយ ធីង៉ុក ភេទស្រី អាយុ២០ឆ្នាំ រស់នៅភូមិក្បាលតោល ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។
វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ២៧ថង់ ទម្ងន់ ៤.៤០ក្រាម ។
-ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន០១ ។
-ថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន ។
-អាំងវុិចទ័រសម្រាប់ឆក់ត្រីចំនួន០៣ ។
-ទូរស័ព្ទដៃចំនួន០១ ។
-លោហះធាតុពណ៍លឿង (ក្រវុិលចំនួន០១គូរ) ។
-ប្រាក់ខ្មែរចំនួន២០មុឺនរៀល ។
កិច្ចប្រតិបត្តិការទី០២ វេលាម៉ោង២១.៤៥នាទី នៅវាលស្រែ ចំណុចក្រុមទី០៥ ភូមិវាល ឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី ដឹកនាំដោយលោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានចុះប្រតិបត្តិការបង្ក្រាបករណីរក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង ។
ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ០២នាក់ ១.ឈ្មោះ ជីម សោភក្ដី ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិត្រស់ ឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង និង២.ឈ្មោះ ហ៊ឹម ជីវ័ន្ត ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិប្រឡាយស្ដៅ ឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។ វត្ថុតាងចាប់យកបានរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០១ថង់ ទម្ងន់ ០.១០ក្រាម ។
នាពេលនេះ កម្លាំងអធិការដ្ឋាននគរបាលស្រុកឯកភ្នំ និងស្រុកមោងឫស្សី កំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់វិធានការតាមនីតិវិធី៕