ឧត្តមសេនីយ៍ឯក លឹម តុងហួត ៖ យុវសិស្សដើរតួនាទីសំខាន់ក្នុងការជួយឱ្យព័ត៌មានពិតពីគ្រោះថ្នាក់នៃគ្រឿងញៀនជ្រាបដល់មូលដ្ឋានបានលឿន

 

ការថ្លែងរបស់លោកឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណ: នៃអគ្គលេខាធិកាដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងពិធីផ្សព្វផ្សាយពីផលប៉ះពាល់នៃគ្រឿងញៀននិងបារីអេឡិចត្រូនិកជូនដល់លោកគ្រូ អ្នកគ្រូ បុគ្គលិក និងសិស្សានុសិស្សពីថ្នាក់ទី៨ ដល់ថ្នាក់ទី១២ ចំនួន២២០នាក់ ស្រី១២០នាក់នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នៅសាលាអន្តរទ្វីបអាមេរិកាំងសាខាចោមចៅ។

លោកនាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានអរគុណ និងកោតសរសើរដល់គណៈគ្រប់គ្រងសាលាអន្តរទ្វីបអាមេរិកាំងសាខាចោមចៅក៏ដូចជាថ្នាក់ដឹកនាំកំពូលរបស់សាលាដែលចូលរួមសហការអនុវត្តតាមយុទ្ធសាស្រ្តពហុវិស័យ និងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏ដូចជាបទបញ្ជានានាសំដៅរក្សាបាននូវសុវត្ថិភាពសហគមន៍និងគ្រឹះស្ថានសិក្សា។

ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានបន្តថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនជាការងារអាទិភាពដើម្បីបង្ការ ទប់ស្កាត់ បង្រ្កាប និងឈានទៅលុបបំបាត់បញ្ហាគ្រឿងញៀនដែលជាក្តីកង្វល់របស់ប្រជាពលរដ្ឋយើង ។ ឆ្លើបតបទៅនឹងការងារនេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដឹកនាំដោយឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ដែលបានដាក់ចេញនូវសេចក្តីណែនាំចាត់តាំងអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងនោះការងារផ្សព្វផ្សាយ អប់រំ ជាការងារអាទិភាពមួយដោយប្រើគ្រប់លទ្ធភាពធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋទាំងអស់ទទួលបានការយល់ដឹងពីផលប៉ះពាល់និងគ្រោះថ្នាក់នៃគ្រឿងញៀន បារីអេឡិចត្រូនិក ដើម្បីបញ្ចៀសហានិភ័យ ទុក្ខសោកនាដកម្មចំពោះខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។

ជាមួយគ្នានេះ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានបន្ថែមទៀតថា យុវជន យុវតី នៅក្នុងវ័យ ១៣ឆ្នាំ ដល់១៨ឆ្នាំនេះ គឺជាវ័យមួយដែលពោរពេញដោយការលូតលាស់ឆាប់ទទួលយកអ្វីៗដែលថ្មី តំរូវឱ្យយើងត្រូវតែជួយតម្រង់ទិសពួកគេ ហើយការបញ្ជូនចំណេះដឹងឬព័ត៌មានពិតពីគ្រោះថ្នាក់នៃគ្រឿងញៀនដល់សិស្សានុសិស្សនឹងឆាប់ជ្រួតជ្រាបដល់ក្រុមគ្រួសារ សហគមន៍បានលឿន ព្រោះគ្រប់ក្រុមគ្រួសារសុទ្ធតែមានសមាជិកចូលរៀនសូត្រតាមសាលារៀន។

តាមរយ: វាគ្មិន ឧត្តមសេនីយ៍ត្រី យិន យឿត និងឧត្តមសេនីយ៍ត្រី ឈិន ភូមា បានឱ្យដឹងថា ពិធីផ្សព្វផ្សាយនេះពិតជាទទួលលទ្ធផលល្អ ព្រោះសិស្សទាំងអស់មានសេចក្តីក្លាហាន ខិតខំចូលរួមសកម្មភាពជាមួយវាគ្មិន ស្តាប់ ចែករំលែកចំណេះដឹង និងចម្ងល់នានាពីបញ្ហាគ្រឿងញៀនហើយពួកគាត់នឹងជួយផ្សព្វផ្សាយបន្តពីបញ្ហាគ្រឿងញៀននិងបារីអេឡិចត្រូនិកនេះដល់ក្រុមគ្រួសារនិងមនុស្សជាទីស្រឡាញ់បស់ពួកគេ៕

អត្ថបទដែលជាប់ទាក់ទង