ក្រុមគ្រួសារសពកុមារា ឡេង ពិសិដ្ឋ ស្លាប់ដោយការលង់ទឹក បានគោរពថ្លែងអំណរគុណដល់ លោក ខុន សេរីរដ្ឋា អភិបាលស្រុកអង្គស្នួលដែលបានយកចិត្តទុកដាក់ដល់ក្រុមគ្រួសារពួកគាត់

ដោយអនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល, ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក, ឯកឧត្តមអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ លោក ខុន សេរីរដ្ឋាអភិបាលស្រុក និងជាប្រធានអនុសាខាកាកបាទក្រហមស្រុក បានដឹកនាំក្រុមការងារ និងដោយមានការនិមន្តចូលរួមដោយព្រះគ្រូវិសាលមុនី យឹម រស្មី ព្រះចៅអធិការវត្តភូមិថ្មី ឃុំបែកចាន បានអញ្ជើញនិងនិមន្តចូលរួមរំលែកមរណទុក្ខ និងនាំយកអំណោយ និងទេយ្យទានផ្សេងៗជូនចំពោះគ្រួសារសពកុមារា ឡេង ពិសិដ្ឋ ភេទប្រុស អាយុ១១ឆ្នាំ នៅភូមិកៅ ឃុំបែកចាន ដែលទទួលមរណភាពដោយលង់ទឹកស្រះក្បែរផ្ទះ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤។

ក្នុងគ្រាដ៏គួរឲ្យតក់ស្លុតនោះ លោកអភិបាលស្រុកបានសម្តែងការសោកស្តាយ និងចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំចំពោះឧបទ្ទវហេតុគ្រោះថ្នាក់ដែលបានកើតមានឡើងចំពោះគ្រួសារ កុមារ ឡេង ពិសិដ្ឋ។

ជាមួយនឹងការសោកស្ដាយនេះ លោកអភិបាលស្រុក ខុន សេរីរដ្ឋា បាននាំយកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខនិងចូលរួមរំលែកមរណទុករបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា,  សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរត្ន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល, ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក, ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ជូនចំពោះគ្រួសារសពកុមារា ឡេង ពិសិដ្ឋ និងសម្តែងការសោកស្តាយជាពន់ពេកចំពោះការបាត់បង់កូនជាទីស្រលាញ់ដោយសារតែឧបទ្ទវហេតុនឹកស្មានមិនដល់។

ទោះបីជាស្ថិតក្នុងស្ថានភាពដ៏រន្ធត់នោះ ក្រុមគ្រួសារសពក្មួយ ឡេង ពិសិដ្ឋ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតគោរពជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរត្ន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល, ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក, ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល លោក ខុន សេរីរដ្ឋា អភិបាលនៃគណៈអភិបាលស្រុកអង្គស្នួល និងអាជ្ញាធរស្រុក ឃុំ ភូមិ ដែលបានចូលរួមជាការឧបត្ថម្ភផ្សេងៗចំពោះគ្រួសាររបស់គាត់ តាំងពីពេលកើតហេតុភ្លាមជួយចុះរាវរកសាកសព និងជួយរៀបចំបុណ្យទានផ្សេងៗ និងឧបត្ថម្ភជាអង្ករ សម្ភារៈ និងថវិកាជាហូរហែ។ 

ទន្ទឹមនោះ ដោយមើលឃើញពីសុខភាពម្តាយរបស់សពមិនសូវល្អ លោក ខុន សេរីរដ្ឋា អភិបាលស្រុកអង្គស្នួលក៏បានណែនាំដល់ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកស្រុក នាំយកទៅពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកស្រុក ដោយឥតគិតថ្លៃសេវាព្យាបាល និងការថែទាំរហូតជាសះស្បើយ។

គួរជម្រាបថា អំណោយ និងសម្ភារៈដែលត្រូវផ្ដល់ជូនក្រុមគ្រួសារសពរួមមាន៖ ថវិកា១លានរៀល អង្ករ ៥០០kg ទឹកត្រី២យួរ ទឹកស៊ីអ៊ីវ២យួរ ត្រីខ២យួរ មី ៥កេស មុង១ ខ្នើយ១ កន្ទេល១ ធុងទឹកកក១ សម្ភារៈចាន ឆ្នាំង ស្លាបព្រា វែក កញ្ច្រែង ចានស្រាក់ កំសៀវ១ កំបិត ជ្រុញ៕

អត្ថបទដែលជាប់ទាក់ទង