សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបើកច្រកថ្មី ការបើកទីផ្សារថ្មីនៅប្រទេសនានាបន្ថែមជាការល្អ ប៉ុន្តែសំខាន់ត្រូវថែរក្សាទីផ្សារចាស់ឱ្យបានល្អ និងរឹងមាំ
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា «ការបើកច្រកថ្មី ការបើកទីផ្សារថ្មីនៅប្រទេសនានាបន្ថែមជាការល្អ ប៉ុន្តែសំខាន់ត្រូវថែរក្សាទីផ្សារចាស់ឱ្យបានល្អ និងរឹងមាំ»។
ការគូសបញ្ជាក់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃអង្គារ ទី៣០ ខែមករា ឆ្នាំ២០២៤នេះ ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា នៅក្នុងការស្វែងរកទីផ្សារលក់ផលិតផលកសិកម្ម សូមយកតែផលិតផលតែ១មុខ ឬ ២មុខដែលចាំបាច់ និងអាចជាតម្រូវការទៅបង្ហាញនៅប្រទេ សនានាជាការល្អ ប្រសើរជាងយកទៅច្រើន ដែលធ្វើឱ្យប្រទេសនោះពិបាកនៅក្នុងការសម្រេច ហើយប្រទេសមួយចំនួនផ្សេងទៀត ក៏បាននាំចូលទៅកាន់ប្រទេសនោះរួចហើយដែរ។
ក្នុងពិធីបិទខាងលើ សម្ដេចធិបតី ហ៊ុន ម៉ាណែត ពិតជារីករាយ ដែលបានអញ្ជើញ មកបិទសន្និបាត បូកសរុបការងារកសិកម្ម ឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ របស់ក្រសួងកសិកម្មនៅពេលនេះ និងបានវាយតម្លៃខ្ពស់ចំពោះក្រសួងកសិកម្ម ដែលសម្រេចផែនការ និងយុទ្ធសាស្ត្រសំខាន់ៗនាពេលកន្លងមក។
ជាមួយនោះ សម្ដេចធិបតីបានថ្លែង ក្រសួងពាក់ព័ន្ធកំពុងតាមដានវាយតម្លៃយ៉ាងយកចិត្តទុកដាក់ចំពោះបញ្ហាគ្រោះរាំងស្ងួត កង្វះខាតទឹកប្រើប្រាស់ធ្វើស្រែចម្ការរបស់ប្រជាពលរដ្ឋនៅតាមបណ្ដាខេត្ត និងធ្វើការជួយសង្គ្រោះបន្ទាន់លើបញ្ហានេះ។
ទន្ទឹមនោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានបញ្ជាឱ្យចុះបញ្ជីដីធ្លីជាប្រព័ន្ធនៅជុំវិញតំបន់បឹង ទន្លេសាបជូនប្រជាពលរដ្ឋនៅទីនោះ ឱ្យបានលឿន ច្បាស់លាស់ និងឱ្យចប់សព្វគ្រប់។ សម្ដេចក៏បានដាក់បទបញ្ជាទៅស្ថាប័នជំនាញឱ្យរៀបចំគូសផែនទីតំបន់ការពារបឹងទន្លេសាបឡើងវិញ និងរៀបចំបោះបង្គោលការពារនៅតំបន់នោះឡើងវិញ នៅក្រោយការរៀបចំផែនទីតំបន់ការពាររួច។
នៅក្នុងពិធីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យក្រុមការងារដែលដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ចុះកំណត់ឱ្យបានច្បាស់លាស់នូវដីអភិរក្សបឹងទន្លេសាប។ សម្តេចបានថ្លែងថា ការកំណត់ដីអភិរក្សបឹងទន្លេសាបត្រូវធានាឱ្យបានសុក្រឹត្យភាព ចីរភាព និងប្រសិទ្ធភាព។ ដីអភិរក្សបឹងទន្លេសាបត្រូវការពារឱ្យបាន ដើម្បីការពារកិត្តិនាមបឹងទន្លេសាបជាបឹងធំជាងគេ និងជាបឹងសម្បូរត្រីជាងគេ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងថា អាជ្ញាធរខេត្ត និងស្រុកនៅជុំវិញបឹងទន្លេសាប មានតួនាទីស្នូលក្នុងកិច្ចការពារដីបឹងទន្លេសាប។ សម្តេចក៏វបានសុំការយោគយល់ពីអ្នកទន្ទ្រានយកដីបឹងទន្លេសាប សូមចូលរួមរក្សាដីបឹងទន្លេសាប ដើម្បីប្រយោជន៍ពលរដ្ឋទូទាំងប្រទេស។ សម្តេចធិបតីបានថ្លែងទៀតថា គ្មានផលប្រយោជន៍ណាធំជាងការថែរក្សាការពារផលប្រយោជន៍សម្រាប់មនុស្សជំនាន់ក្រោយនោះទេ។
សម្តេចធិបតីក៏បានប្រាប់ដល់អភិបាលខេត្តជាប់បឹងទន្លេសាបទាំង៦ ត្រូវចូលរួមការពារឱ្យបាននូវដីអភិរក្សតំបន់ល្បីជុំវិញបឹងទន្លេសាបឲ្យបាន។
នៅថ្ងៃនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញផ្ដល់កិត្តិយសបំពាក់មេដាយ និងគ្រឿងឥស្សរិយយសជូនដល់មន្ត្រីមានស្នាដៃ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មួយចំនួនផងដែរ៕