ក្រុមប៉ូលិសមហាផ្ទៃកោះហៅឈ្មោះ អេន ចរិយា ហៅអ្នកគ្រូលី ឲ្យមកធ្វើការបំភ្លឺ បន្ទាប់ពីបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ព្រះកិត្តិនាមព្រះនាងឥន្រ្ទទេវី វីរៈក្សត្រីនាសម័យអង្គរ

អង្គភាពនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ដោយមានការស្នើសុំកិច្ចអន្តរាគមន៍ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មកកាន់អគ្គស្នងការនគរបាលជាតិ។ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ បានកោះហៅបុគ្គលឈ្មោះ អេន ចរិយា ហៅអ្នកគ្រូលី ជាម្ចាស់គណនីហ្វេសបុកឈ្មោះ «EN Chariya» និង «កំពូលម៉ូតូ» ពាក់ព័ន្ធនឹងការផ្សព្វផ្សាយរូបភាពកាយវិការ និងខ្លឹមសារមិនត្រឹមត្រូវ ធ្វើឲ្យប៉ះពាល់ដល់ទំនៀមទំលាប់ វប្បធម៌ជាតិ ជាពិសេស ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ព្រះកិត្តិនាមព្រះនាងឥន្រ្ទទេវី វីរៈក្សត្រីនាសម័យអង្គរ ដោយសម្តែងថាមានបារមីចូលសណ្ឋិត មកធ្វើការបំភ្លឺ នៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដោយមានការចូលរួមពីភាគីតំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននារសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នេះ។

ក្រោយពីបានសាកសួរ ឈ្មោះ អេន ចរិយា បានទទួលស្គាល់នូវកំហុស ដូចខាងក្រោម៖

*១-បានប្រើប្រាស់ព្រះកិត្តិនាម ព្រះនាងឥន្រ្ទទេវី ព្រះវីរៈក្សត្រីនាសម័យអង្គរ ថាបានចូលសណ្ឋិតក្នុងខ្លួន ដោយគ្មានមូលដ្ឋាន នៅលើបណ្តាញផ្សព្វផ្សាយសង្គម។

*២-បានប្រើប្រាស់សំលៀកបំពាក់របាំក្បាច់បុរាណខ្មែរ (របាំព្រះរាជទ្រព្យ) មកសម្តែងរាំ និងបកស្រាយថា ក្បាច់របាំមាន ១០៨ក្បាច់ ដែលខុសពីការពិត បង្កឲ្យមានការភ័នច្រឡំពីសំណាក់សាធារណជន និងប៉ះពាល់ដល់របាំក្បាច់បុរាណខ្មែរ (របាំព្រះរាជទ្រព្យ) ដែលបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌអរូបីរបស់មនុស្សជាតិនៃអង្គការយូណេស្កូ។

ក្រោយពីទទួលបានការអប់រំណែនាំ និងធ្វើកិច្ចសន្យា បុគ្គលឈ្មោះ អេន ចរិយា បានធានាចំពោះមុខសមត្ថកិច្ច និងតំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាន​យល់ព្រមធ្វើកិច្ចសន្យាជាលាយលក្ខអក្សរ និងធ្វើវីដេអូសុំទោសជាសាធារណៈដល់ប្រជាពលរដ្ឋខ្មែរ​ និងរាជរដ្ឋាភិបាលកម្ពុជា ចំពោះកំហុសដែលខ្លួនបានប្រព្រឹត្តកន្លងមក។

សមត្ថកិច្ច​នឹង​បន្ត​តាម​ដាន​សកម្មភាព​របស់​បុគ្គល​ខាង​លើ​ និង​អនុវត្ត​នីតិវិធី​បន្ត​បើ​មិន​អនុ​វត្ត​តាម​ការ​សន្យា​​៕

អត្ថបទដែលជាប់ទាក់ទង