លោកព្រះរាជអាជ្ញារង សេង រិទ្ធី សម្រេចប្រគល់រថយន្តជូនទៅម្ចាស់ដើមវិញ ពាក់ព័ន្ធសំណុំរឿងព្រហ្មទណ្ឌលេខ ១៣៨១ ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ របស់អយ្យការអមសាលាដំបូងខេត្តកំពង់ចាម

កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ១៥:៣០ នាទី លើផ្លូវជាតិលេខ៦ ចំណុចភ្លើងស្តុប ស្ថិតក្នុង ភូមិតាសែន ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តLEXUS RX330 បានបើកបរក្នុងល្បឿនលឿន ធ្វេសប្រហែស ខ្ជីខ្ជារ មិនប្រុងប្រយ័ត្ន បុករថយន្ត FOTON TUNLAND ដែលជារថយន្តរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានទិសដៅពីលិចទៅកើតបត់ឆ្វេងបណ្តាល ឲ្យខូចខាតរថយន្តទាំងសងខាង និង បណ្តាលឲ្យអ្នករួមដំណើរនៅក្នុងរថយន្ត LEXUS RX330 រងរបួសស្រាលចំនួន៥នាក់។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។

ប្រភពបន្តថា ក្រោយពីបានពិនិត្យស្រាវជ្រាវ និងស៊ើបអង្កេត និងមានការធានាត្រឹមត្រូវពី គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ហើយភាគីខាងរថយន្តម៉ាក FOTON TUNLAND មិនមានកំហុសក្នុងការបើកបរទៀតនោះទេ ឯកឧត្តមព្រះរាជអាជ្ញា វង្ស ប៊ុនវិសុទ្ធ បានណែនាំលោកព្រះរាជអាជ្ញារង សេង រិទ្ធី សម្រេចប្រគល់រថយន្តខាង លើជូនទៅម្ចាស់ដើមវិញ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ រួចរាល់។

ប្រភពព័ត៌មានបន្តថា ភាគីខាងរថយន្តម៉ាក FOTON TUNLAND ពណ៌ទឹកប្រាក់ បានថ្លែងអំណរគុណដល់ ឯកឧត្តមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម និងលោកព្រះរាជអាជ្ញារង សេង រិទ្ធី លោកក្រឡាបញ្ជី ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ដែលបានជួយដោះស្រាយករណីគ្រោះថ្នាក់ចរាចរណ៍យ៉ាងមាន ភាពត្រឹមត្រូវតាមនីតិវិធីច្បាប់ ព្រមទាំងអនុញ្ញាតប្រគល់រថយន្ត ជូនភាគីខាង គ.ជ.ប យកទៅប្រើប្រាស់វិញ។

សូមបញ្ជាក់ជូនដែរថា ការពន្លឿនការដោះស្រាយជូនជនរងគ្រោះក្នុងរឿងគ្រោះថ្នាក់ចរាចរណ៍ គឺជាករណីអាទិភាពមួយនៅក្នុងដំណើរការនៃការអនុវត្តយុទ្ធនាការដែលបានដាក់ចេញដោយក្រសួងយុត្តិធម៌៕

អត្ថបទដែលជាប់ទាក់ទង