លោកផ្កាយ៤ សៅ សុខា បញ្ជាឲ្យចាប់រថយន្តបំពាក់ស៊ីរ៉ែននាំផ្លូវអ្នកលក់អនឡាញទៅស៊ីការគេឱ្យខាងតែបាន
(ភ្នំពេញ)៖ លោកនាយឧត្តមសេនីយ៍សៅ សុខា អគ្គមេបញ្ជាមការរងនៃកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានចេញបញ្ជាម៉ឺងម៉ាត់ហើយសមត្ថកិច្ចចាត់វិធានការយ៉ាងណាចាប់ឲ្យបានរថយន្តដែលបំពាក់ស៊ីរ៉ែន ដឹកនាំក្បួនស្ត្រីអ្នករកស៊ីអនឡាញទៅចូលរួមមង្គលការមួយ។ នេះជាអ្វីដែលជាការឆ្លើយតបទៅនឹងការរិះគន់ជាច្រើនអំពីការដែលរថយន្តបំពាក់ស៊ីរ៉ែនហើយនាំមុខស្ត្រីអ្នកលក់អនឡាញទៅចូលរួមមង្គលការមួយនោះ។
ឆ្លើយតបចំពោះអ្នករិះគន់ទៅលើស្ត្រីអ្នកលក់អនឡាញប្រើរថយន្តសេរ៉ែននាំមុខពេលចេញដំណើរទៅស៊ីការនោះ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានឲ្យដឹងថា កងកម្លាំងរាជអាវុធហត្ថបាននិងកំពុងស្រាវជ្រាវរកមុខកញ្ញារូបស្រស់ម្នាក់ ដែលជាអ្នករកស៊ីអនឡាញជិះរថយន្តស៊េរីទំនើប ហើយអមដោយរថយន្តបំពាក់ផ្លាកលេខខេមរ ភូមិន្ទ (ខ.ម) និងបើកភ្លើងសារ៉ែនបើកនាំផ្លូវទៅស៊ីការគេកាលពីពេលថ្មីៗនេះហើយ។
រយៈពេលប៉ុន្មានថ្ងៃមកនេះ មានករណីភ្ញាក់ផ្អើលលើបណ្ដាញសង្គមអំពីនារីស្អាតជាអ្នកលក់អនឡាញបានជិះរថយន្តទំនើប ដោយមានរថយន្តផ្សេងបំពាក់ផ្លាកលេខខេមរភូមិន្ទ និងបើកភ្លើងសារ៉ែននាំផ្លូវទៅស៊ីការគេចែកចាយពេញបណ្តាញសង្គមហ្វេសប៊ុក ហើយមានការផ្ទុះការរិះគន់ផងនោះលោកឧត្តមសេនីយ៍ត្រី អេង ហ៊ី ថ្លែងថា កងកម្លាំងរាជអាវុធបានចុះស្រាវជ្រាវហើយ។ លោកក៏បានបកស្រាយអំពីផ្លាកលេខរថយន្តរបស់កងខេមរនភូមិន្ទមានលេខសម្គាល់របស់ខ្លួនទៅតាមបណ្តាអង្គភាពនីមួយៗដែរ ។
លោកឧត្តមសេនីយ៍ត្រីពន្យល់ថា ផ្លាកលេខខេមរភូមិន្ទនេះ គឺមាន ខ.ម០១ ខ.ម០២ និងលេខរៀងជាបន្ត បន្ទាប់ទៅ។ ក្នុងនោះសម្រាប់កងរាជអាវុធគឺ ខ.ម០៩។
លោកឧត្តមសេនីយ៍ត្រីថា ជាជំហានដំបូងសម្រាប់ករណីនេះ បើតាមឆែកឆេរ នៅក្នុងអង្គភាពនីមួយៗ គឺអត់មានផ្លាកលេខឡាន ដូចបំពាក់លើក្បួន រថយន្តរបស់ស្រ្តីលក់អនឡាញនេះទេ ប៉ុន្តែទោះបីជាយ៉ាងណាអ្នក ជំនាញរបស់កងរាជអាវុធនៅតែបន្តស្រាវជ្រាវ ។ លោក អេង ហ៊ី ក៏បញ្ជាក់ដែរចំពោះការគ្រប់គ្រងផ្លាកលេខ ខ.ម គឺជាសមត្ថកិច្ចរបស់ក្រសួងការពាជាតិ។ លោកឧត្តមសេនីយ៍គូសបញ្ជាក់ថា «ចំពោះពាក់ព័ន្ធនឹងឡានពាក់ផ្លាកលេខខ.ម ហើយសារ៉ែន កម្លាំងកងរាជអាវុធយើង ក៏ឆែកឆេរត្រួតនពិនិត្យនៅក្នុងអង្គភាពរបស់អាវុធហត្ថគឺអត់មានទេ ផ្លាកលេខហ្នឹង ហើយកងរាជអាវុធហត្ថកំពុងតែធ្វើការងារបន្ត»។
គួរសូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជាធ្លាប់បានអះអាងនាពេលកន្លងមកថា ឥស្សរជនជាន់ខ្ពស់ដែលមានសិទ្ធិប្រើប្រាស់រថយន្តបើកភ្លើងសារ៉ែននេះ គឺមានតែព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងនាយករដ្ឋមន្រ្តី៕