ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជម្រាបឲ្យគណៈប្រតិភូនៃអតីតនិស្សិតពីសកលវិទ្យាល័យ Harvardឲ្យដឹងថា កម្ពុជាបានបន្តអភិវឌ្ឍន៍រីកចម្រើនឥតឈប់ឈរក្រោមម្លប់សន្តិភាព និងការដឹកនាំដ៏ត្រឹមត្រូវរបស់ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា

ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ស៊ុន ចាន់ថុល នារសៀលថ្ងៃសុក្រ ទី២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យគណៈប្រតិភូនៃអតីតនិស្សិតដែលបានបញ្ចប់ការសិក្សាពីសកលវិទ្យាល័យ Harvard អញ្ជើញមកពីបណ្ដាប្រទេសផ្សេងៗគ្នា ចូលជួបសម្ដែងការគួរសម។

ក្នុងកិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងស្របតាមការស្នើសុំរបស់គណៈប្រតិភូនៃអតីតនិស្សិតដែលបានបញ្ចប់ការសិក្សាពីសកលវិទ្យាល័យ Harvard ដើម្បីចូលជួបសម្ដែងការគួរសម ព្រមទាំងស្វែងយល់ពីការអភិវឌ្ឍរីកចម្រើនកន្លងមក ផែនការអភិវឌ្ឍន៍ និងបរិយាកាសវិនិយោគនៅកម្ពុជាផងដែរ។

ក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូននូវសវតាមួយចំនួនតាំងពីការកសាងដំបូងនៃវិមានរាជរដ្ឋាភិបាល រហូតដល់វិមាននេះ បានផ្ដល់ជូនមកជាទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដើម្បីជាកន្លែងទទួល និងទាក់ទាញវិនិយោគិន ក៏ដូចជាអនុវត្តកិច្ចការងារសហប្រតិបត្តិការអភិវឌ្ឍន៍ផងដែរ។

ឯកឧត្តម ស៊ុន ចាន់ថុល បន្តថា កម្ពុជាបានបន្តអភិវឌ្ឍន៍រីកចម្រើនឥតឈប់ឈរក្រោមម្លប់សន្តិភាព និងការដឹកនាំដ៏ត្រឹមត្រូវរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ដែលបានយកចិត្តទុកដាក់លើគ្រប់វិស័យ ពិសេសមានច្បាប់វិនិយោគដែលមានភាពបើកចំហរជាងប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ាន (Liberal Investment Law)។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងនីតិកាលទី៧នេះ រាជរដ្ឋាភិបាលកម្ពុជាបានបន្តយកចិត្តទុកដាក់លើគ្រប់វិស័យ រួមមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់ការវិនិយោគ និងសម្រួលការធ្វើដំណើរទាំងផ្លូវគោក ផ្លូវដែក ផ្លូវអាកាស និងផ្លូវទឹក។

ចំពោះគម្រោងសំខាន់ៗដែលឯកឧត្តមឧបនាយករដ្ឋមន្ត្រីបាន​ជម្រាបជូន មានដូចជា៖ គម្រោងពង្រីកផ្លូវជាតិសំខាន់ៗតភ្ជាប់កម្ពុជាទៅប្រទេសជិតខាងរួមមានគម្រោងលើកកម្រិតផ្លូវជាតិលេខ៥ គម្រោងសិក្សាផ្លូវរថភ្លើងល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ គម្រោងសិក្សាផ្លូវរថភ្លើងល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គម្រោងសិក្សាផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត និងគម្រោងព្រែកជីកហ្វូណនតេជោដែលនឹងក្លាយជាគម្រោងផ្លូវទឹកប្រវត្តិសាស្រ្តរបស់កម្ពុជាផងដែរ។ រាជរដ្ឋាភិបាលកំពុងបន្តខិតខំប្រឹងប្រែងដើម្បីបង្កើនសមត្ថភាពធនធានមនុស្ស និងដើម្បីប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ត្រឹមឆ្នាំ២០៥០៕

 

អត្ថបទដែលជាប់ទាក់ទង