ក្រុមប៉ូលិសខេត្តព្រះសីហនុបង្ក្រាបជនសង្ស័យបាន១២នាក់ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស

កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ស្រុកកំពង់សិលា និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបើកការស្រាវជ្រាវបង្ក្រាបករណីលួចមានស្ថានទម្ងន់ទោស ឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន១២នាក់ ក្នុងនោះមានស្រី ០១នាក់ រួមនិងវត្ថុតាង ម៉ូតូ០៤គ្រឿង ក្បាំងម៉ូតូ០២គូរ ទូរស័ព្ទ ០៥គ្រឿង នៅក្បែររង្វង់មូលវាលរេញ ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

ប្រភពបន្តថា ការបង្ក្រាបខាងលើនេះ ដោយមានបញ្ជាដឹកនាំពីលោក ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ សម្របសម្រួលនិតិវិធីពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ដឹកនាំផ្ទាល់ ដោយលោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរង ទទួលផែនការងារព្រហ្មទណ្ឌ។

ដោយឡែកចំពោះវត្ថុតាងម៉ូតូ០១គ្រឿង ម៉ាកHonda Dream ពណ៌ស (គ្មានស្លាកលេខ) ដែលដកហូតបាន សមត្ថកិច្ចជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានធ្វើការប្រគល់ជូនជនរងគ្រោះតាមការស្នើសុំ និងដោយមានការឯកភាពពីតំណាងអយ្យការ អមសាលាដំបូងខេត្ដព្រះសីហនុ។

បច្ចុប្បន្នជនសង្ស័យទាំង១២នាក់ខាងលើនេះ ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានបំពេញនីតិវិធី បញ្ជូនទៅសាលាដំបូងខេត្ដព្រះសីហនុ ចាត់ការបន្ដតាមផ្លូវច្បាប់។

ចំពោះមុខសញ្ញាសេសសល់ សមត្ថកិច្ចយើងកំពុងសហការជាមួយជំនាញពាក់ព័ន្ធ ធ្វើការស្រាវជ្រាវបន្ដតាមនីតិវិធី៕

 

អត្ថបទដែលជាប់ទាក់ទង