កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធការអូសទាញ ប្រមូលទិញគណនីធនាគារ (ABA) ពីប្រជាពលរដ្ឋ
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ងួន ស្រីនាត ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ពាក់ព័ន្ធការអូសទាញ ប្រមូលទិញគណនីធនាគារ (ABA) ពីប្រជាពលរដ្ឋដើម្បីលក់បន្តឲ្យបក្សពួក និងលួចចូលប្រើតេលេក្រាមអ្នកដទៃដោយខុសច្បាប់ ដើម្បីឆបោកប្រាក់ដោយប្រើមធ្យោបាយតាមរយៈការផ្ទេរប្រាក់ចូលគណនី ABA។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤។
ប្រភពបន្តថា បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាសូមបន្តក្រើនរំលឹកសាធារណជនទាំងអស់ថា ការប្រមូលទិញ ឬលក់គណនីកាត ATM ធនាគារទៅឲ្យបុគ្គលដទៃគ្រប់គ្រង វាជាអំពើខុសច្បាប់ ដោយបុគ្គលអ្នកលក់ និងអ្នកប្រមូលទិញក្លាយជាអ្នកចូលរួមប្រព្រឹត្តបទល្មើសដោយប្រយោលមិនដឹងខ្លួន នៅពេលជនទី៣ យកគណនីកាត ATM ធនាគារនោះធ្វើជាមធ្យោបាយដើម្បីទទួលផលនៃបទល្មើស ហើយនឹងត្រូវផ្តន្ទាទោសដូចជនល្មើសផ្ទាល់ផងដែរ៕