ម្ដាយចិត្តអប្រិយ៍ខឹងកូនស្រែកយំខ្លាំងពេកទះ២កំភ្លៀង បោចសក់ និងចាប់បោកទៅលើគ្រែក្រោមផ្ទះមួយទំហឹងបណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធម៌

ម្ដាយចិត្តអប្រិយ៍ តិរច្ឆានគ្រាន់តែខឹងកូនស្រែកយំខ្លាំងពេក ស្រាប់តែលើកដៃទះ២កំភ្លៀងមិនអស់ចិត្ត ចាប់បោចសក់ក្បាលបោកទៅលើគ្រែក្រោមផ្ទះមួយទំហឹងបណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធម៌ កាលពីវេលាម៉ោង១៨៖១០នាទី ថ្ងៃទី០៣ ខែកុម្ភះ ឆ្នាំ២០២៤ នៅចំណុចផ្ទះជនសង្ស័យ ស្ថិតនៅភូមិចុងកោះថ្មី ឃុំកោះធំ(ក) ស្រុកកោះធំ ខេត្តកណ្តាល។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

ប្រភពព័ត៌មានបានឲ្យដឹងថា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាម្ដាយឈ្មោះ មឿន ណាវឿន ភេទស្រី អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ឃុំ កើតហេតុ មុខរបរមិនពិតប្រាកដ ដោយសមត្ថិកិច្ចធ្វើតេស្តរកសារធាតុញៀននៅក្នុងទឹកនោមលទ្ធផល អវិជ្ជមាន។

ជនរងគ្រោះត្រូវជាកូនបង្កើតរបស់ជនាង្ស័យឈ្មោះ មឿន បញ្ញា ភេទប្រុស អាយុ ១៨ខែ នៅភូមិ ឃុំកើតហេតុខាងលើ រស់នៅក្នុងបន្ទុកបានស្លាប់យ៉ាងអាណោចអធម៌បំផុត។ 

ប្រភពបានបញ្ជាក់ថា បើយោងតាមការពិនិត្យសាកសពជនរងគ្រោះបានដេកស្លាប់នៅក្នុងអង្រឹងក្រោមផ្ទះ មានសភាពទន់ខ្លួន និងមានស្នាមជាំនៅលើថ្ពាល់ខាងឆ្វេង ហើយនិងមានឈាមហូរចេញតាមមាត់និងមានស្នាមជាំនៅគុមត្រចៀកខាងស្តាំ។

ប្រភពព័ត៌មានបានបន្តទៀតថា មុនពេលកើតហេតុជនសង្ស័យឈ្មោះ មឿន ណាវឿន  ដែលត្រូវជាម្តាយបានខឹងនិងកូនតូចឈ្មោះមឿន បញ្ញា វាស្រែកយំខ្លាំងពេកក៍បានទះកូនចំនួន០២កំភ្លៀងហើយបានបោចសក់ក្បាលកូនតូចបោកទៅលើគ្រែក្រោមផ្ទះមួយទំហឹងបណ្តាលឲ្យកូនប្រុសតូចនោះសន្លប់បាត់មាត់ឈឹងនៅលើគ្រែ ដោយភ័យខ្លាចកូនស្លាប់ក៏បានលើកបីកូនតូចនោះដើរចេញមកផ្លូវលំដើម្បីឲ្យអ្នកជិតខាង គេជួយមើល ប៉ុន្តែមិនមានអ្នកណាមកជួយសង្រោះនោះទេ ដោយឃើញកូនតូច មានសភាពទន់ខ្លួនជិតដាច់ខ្យល់ស្លាប់ក៏បានយកកូនតូចនោះលើកដាក់ចូលក្នុងអង្រឹងក្រោមផ្ទះហើយបានដើរគេចខ្លួនចេញទៅបាត់។ 

មួយសន្ទុះក្រោយមក ម្តាយជនសង្ស័យឈ្មោះ ញឹម សៅ បានត្រឡប់មកពីសុីឈ្នួលកាប់ជីឲ្យគេ នៅពេលមកដល់ក្រោមផ្ទះបានឃើញចៅប្រុសឈ្មោះ មឿន បញ្ញា ដេកនៅក្នុងអង្រឹងក្រោមផ្ទះបាត់មាត់បាត់ក ឈឹងទៅហើយ ដោយឃើញសភាពមិនស្រួលគាត់ក៏បានស្រែកហៅប្តីឈ្មោះ ភឿន មឿន ឲ្យជួយដឹកចៅយកទៅពេទ្យឯកជនក្នុងភូមិក្បាលដំរីក្រោម ឃុំកំពង់កុង ស្រុកកោះធំ នៅពេលទៅដល់ជួបលោកគ្រូពេទ្យពិនិត្យមើលទើបដឹងថាចៅប្រុសតូចនោះបានស្លាប់បាត់ទៅហើយ។

ក្រោយមកគាត់ទាំងពីរនាក់ប្តីប្រពន្ធ គាត់បានចូលមករាយការណ៍នៅប៉ុស្តិ៍នគរបាលរដ្ឋបាលកោះធំ(ក) អំពីរឿងហេតុដែលកើតឡើង ក្រោយពេលទទួលបាន ព័ត៌មានភ្លាមលោកមេប៉ុស្តិ៍ បានសុំគោលការណ៍ពីលោកអធិការនគរបាលស្រុកកោះធំ ដើម្បីឲ្យផ្នែកជំនាញនគរបាលយុត្តិធម៍ និងផែនបច្ចេកទេសស្រុកកោះធំ ចុះមកកន្លែងកើតហេតុធ្វើការស្រាវជ្រាវ និងត្រួតពិនិត្យសាកសពជនរងគ្រោះ ក្នុងករណីខាងលើនេះ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពទះកំភ្លៀងកូនតូចចំនួន០២ដៃនិងចាប់បោចសក់ក្បាលកូនតូចបោកទៅលើគ្រែហើយបានយកដៃខ្ទប់ច្រមុះបណ្តាលឲ្យកូនដាច់ដង្ហើមស្លាប់ពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យខាងលើបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីសាកសួរនិងកសាងសុំណុំរឿងតាមនិត្តិវិធីច្បាប់៕

 

 

អត្ថបទដែលជាប់ទាក់ទង