ករណីក្រុមជនជាតិចិនបើករថយន្ដបុកស្លាប់៣នាក់នៅខេត្តស្វាយរៀង គ្រួសាររងព្រមទទួលសំណង៥ម៉ឺនដុល្លារពីភាគីបង្ក និងយល់ព្រមដកពាក្យបណ្ដឹង

នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤ម្សិលមិញ
ក្រុមគ្រួសាររបស់ជនរងគ្រោះ៣នាក់ដែលស្លាប់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលបង្កដោយជនជាតិចិនបើករថយន្ដបុកនៅខេត្តស្វាយរៀង ព្រមទទួលយកសំណងពីភាគីបង្ក ចំនួន៥ម៉ឺនដុល្លារ និងយល់ព្រមដកពាក្យបណ្ដឹងឈប់ប្ដឹងផ្ដល់ហើយ។

បើតាមប្រភពបានឲ្យដឹងថា បើទោះបីជនរងគ្រោះព្រមព្រៀងជាមួយភាគីបង្ក ដោយទទួលយកសំណង ហើយដកពាក្យបណ្ដឹងក៏ពិតមែននោះ ប៉ុន្ដែនីតិវិធីតាមផ្លូវតុលាការមិនត្រូវបានបញ្ចប់នោះទេ ពោលនៅតែដំណើរការតាមផ្លូវច្បាប់ដដែល។

គួរជម្រាបថា កម្លាំងសមត្ថកិច្ចក្រុងបាវិតបានឃាត់ខ្លួនជនជាតិចិនចំនួន២នាក់ដែលបើកបររថយន្ត Lexus 570 ទៅបុកឪពុកនិងកូនស្លាប់ភ្លាមៗចំនួន៣នាក់ នាល្ងាចថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅលើផ្លូវក្រាលកៅស៊ូ (ផ្លូវតាព្រឹម) ស្ថិតនៅក្នុងភូមិថ្នាញ សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង។

បើយោងតាមសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុមានរថយន្តម៉ាក Lexus 570 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AQ-5833 បើកបរដោយឈ្មោះ WEN XIAOLONG អាយុ៣៧ឆ្នាំ ជនជាតិចិន មុខរបរអាជីវករលក់ដូរក្នុងតំបន់កាស៊ីណូសៀងហៃ មានទីលំនៅបច្ចុប្បន្នភូមិចេក ឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង បើកបរពីជើងទៅត្បូង និងអ្នករួមដំណើរឈ្មោះ JI LINGEN អាយុ៣៤ឆ្នាំ ជនជាតិចិន មានទីលំនៅបច្ចុប្បន្នភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង។

ប្រភពបានបន្តទៀតថា លុះមកដល់ចំណុចកើតហេតុខាងលើ ក៏រេចង្កូតមកខាងស្តាំបុកចំម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1L-8457 ពេញទំហឹងបណ្តាលឲ្យអ្នកជិះម៉ូតូទាំង៣នាក់ឪពុកកូនស្លាប់យ៉ាងអាណោចអាធម។

សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះស្លាប់ទាំង៣នាក់រួមមានទី១.ឈ្មោះ សួស តាក់ច័ន្ទធីតា ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅក្នុងភូមិព្រៃរំដួល ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង បើកបរពីត្បូងទៅជើង គ្មានពាក់មួកសុវត្ថិភាព (ស្លាប់នៅកន្លែងកើតហេតុ) និងអ្នករួមដំណើរឈ្មោះ ខ្លា រ៉ាដែន អាយុ៧ឆ្នាំ គ្មានពាក់មួកសុវត្ថិភាព (ស្លាប់នៅកន្លែងកើតហេតុ) ត្រូវជាកូន និងឈ្មោះ ខ្លា ចិត្រ្តា អាយុ២ឆ្នាំ មានទីលំនៅក្នុងភូមិមេសថ្ងក ឃុំមេសថ្ងក ស្រុកចន្រ្ទា ខេត្តស្វាយរៀង គ្មានពាក់មួកសុវត្ថិភាព (ស្លាប់នៅកន្លែងកើតហេតុ) ត្រូវជាកូនអ្នកបើកបរ។

បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ខាងលើ សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ ដើម្បីវាស់វែងនិងស្រាវជ្រាវឃាត់ខ្លួនអ្នកបើកបររថយន្តយកមកអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីសាកសួរនិងចាត់ការតាមនីតិវិធីច្បាប់។ រីឯសាកសពសមត្ថកិច្ចបានប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

 

អត្ថបទដែលជាប់ទាក់ទង