រដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ «រាជរដ្ឋាភិបាលបានផ្តល់ឱកាសស្មើៗគ្នា និងពង្រីកឱកាសបន្ថែម ជូនដល់យុវជន និងសាធារណជន ដើម្បីចូលរួមប្រឡងប្រជែង ក្លាយខ្លួនជាមន្ត្រីរាជការ»
ឯកឧត្ដមរដ្ឋមន្ត្រី ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា «ការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិលតាមយន្តការប្រឡងប្រជែងថ្មី ដោយឈរលើគោលការណ៍ គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាពនេះ គឺជាការអនុវត្តស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ជាពិសេសការណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រីរាជការស៊ីវិល ដោយធានាបាននូវការផ្តល់ឱកាសស្មើៗគ្នា និងពង្រីកឱកាសបន្ថែម ជូនដល់យុវជន និងសាធារណជន ក្នុងការចូលរួមប្រឡងប្រជែងក្លាយខ្លួនជាមន្ត្រីរាជការបម្រើប្រទេសជាតិ និងប្រជាជន ប្រកបដោយសមត្ថភាព និងមានវិជ្ជាជីវៈពិតប្រាកដ»។
នេះបើតាមការគូសបញ្ជាក់របស់ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅលើទំព័រហ្វេសប៊ុករបស់ឯកឧត្ដមដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។
នៅលើបណ្ដាញសង្គមហ្វេសប៊ុក ឯកឧត្ដម ហ៊ុន ម៉ានី បានគូសបញ្ជាក់ទៀតថា «រាជរដ្ឋាភិបាលបានផ្តល់ឱកាសស្មើៗគ្នា និងពង្រីកឱកាសបន្ថែម ជូនដល់យុវជន និងសាធារណជន ដើម្បីចូលរួមប្រឡងប្រជែង ក្លាយខ្លួនជាមន្ត្រីរាជការ»។ ឯកឧត្ដមបន្ថែមថា ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា បានបញ្ចប់នាថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ដោយជោគជ័យ និងគួរជាទីមោទនៈ។
ជាមួយនេះ ឯកឧត្ដមរដ្ឋមន្ត្រីសូមចូលរួមអបអរសាទរចំពោះភាពជោគជ័យរបស់បេក្ខជនទាំង១០០រូបដែលបានជាប់ជាស្ថាពរក្នុងការប្រឡងប្រជែង ហើយក៏សូមលើកទឹកចិត្តដល់បេក្ខជនដទៃទៀតដែលមិនទាន់ទទួលបានជោគជ័យពេលនេះ សូមបន្តប្រឹងប្រែង និងចូលរួមក្នុងការប្រឡងប្រជែងជាបន្តបន្ទាប់ដែលក្រសួងមុខងារសាធារណៈ នឹងសហការរៀបចំជាមួយក្រសួង ស្ថាប័ន នានាជាបន្តបន្ទាប់នាពេលខាងមុខ។
ឆ្លៀតក្នុងឱកាសនេះដែរឯកឧត្ដមរដ្ឋមន្ត្រី ហ៊ុន ម៉ានី បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ ក្រុមការងារគ្រប់ៗរូប ទាំងអន្តរក្រសួង និងភាគីពាក់ព័ន្ធ ដែលបានចូលរួមជាចលករនាំឱ្យដំណើរការប្រឡងប្រជែងប្រព្រឹត្តទៅបានដោយជោគជ័យ ហើយឆ្លើយតបនឹងកិច្ចការកែទម្រង់រដ្ឋបាលសាធារណៈ ដែលមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា៕