ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ទទួលជួបពិភាក្សាការងារពាក់ព័ន្ធនឹងវេទិការវាងរាជរដ្ឋាភិបាលនិងវិស័យឯកជន សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED)

ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ស៊ុន ចាន់ថុល នាព្រឹកថ្ងៃចន្ទ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានទទួលជួបពិភាក្សាការងារជាមួយលោក James Brew ទីប្រឹក្សាជាន់ខ្ពស់ផ្នែកវេទិការវាងរាជរដ្ឋាភិបាលនិងវិស័យឯកជន នៃកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់(CAPRED)។

កិច្ចប្រជុំនាឱកាសនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យលើវិធីសាស្ត្របច្ចេកទេសប្រមូលផ្ដុំលទ្ធផលទាំងស្រុង នៃវេទិការវាងរាជរដ្ឋាភិបាល និងវិស័យឯកជនលើកទី១៩ និងវិធីសាស្រ្តតាមដានការអនុវត្តយន្តការនានាដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជាក្នុងវេទិកានេះ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ ដើម្បីធានាបាននូវបរិយាបន្ន និងនិរន្តរភាពទិន្នន័យ។

គួរជម្រាបថា ក្រៅពីផ្ដល់ការគាំទ្រផ្នែកបច្ចេកទេសសម្រាប់វេទិកាលើកទី១៩ តាមរយៈកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចដ៏ធំរបស់អូស្ត្រាលី ហៅកាត់ថាកម្មវិធី CAPRED នេះ ប្រទេសអូស្ត្រាលីក៏ធ្លាប់បានគាំទ្ររាជរដ្ឋាភិបាលកម្ពុជាផងដែរ ក្នុងវេទិការវាងរាជរដ្ឋាភិបាល និងវិស័យឯកជន កាលពីចន្លោះឆ្នាំ២០០២ រហូតដល់ឆ្នាំ២០០៩៕

អត្ថបទដែលជាប់ទាក់ទង