នាយករដ្ឋមន្ត្រីកម្ពុជានឹងអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសង្គមកិច្ចនាព្រឹកស្អែកនេះ

នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃអង្គារ ១២រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ស្អែកនេះ នឹងអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសង្គម​កិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបង្កើតតាមព្រះរាជក្រមលេខ នស/រកត​/០១០​៥/​០០១ ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០០៥។ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិ​សម្បទា បំពេញ​បេសកកម្មជាសេនាធិការឱ្យរាជរដ្ឋាភិបាល លើការដឹកនាំនិងគ្រប់គ្រងវិស័យ​សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាមានមុខងារ និងភារកិច្ចរៀបចំ និងអនុវត្តគោល​នយោ​បាយ យុទ្ធសាស្ត្រទិសដៅ និងផែនការរួមរបស់រាជរដ្ឋាភិបាល ក្នុងវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនី​តិសម្បទា, រៀបចំគោលនយោបាយ ផែនការយុទ្ធសាស្រ្តផែនការសកម្មភាព គោលដៅ ទិសដៅ កម្មវិធី យន្ត​ការ​ក្នុងការគ្រប់គ្រង ដឹកនាំ ចាត់ចែង ផ្តល់សេវាគាំពារដល់មុខសញ្ញាក្នុងវិស័យសង្គមកិច្ច អតីតយុទ្ធ​ជន និងយុវនីតិសម្បទា, កសាង និងអនុវត្តលិខិតបទដ្ឋានគតិយុត្ត គោលការណ៍ណែនាំ និងផែន​ការ​ពាក់​ព័ន្ធ​នឹងវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាស្របតាមលិខិតបទដ្ឋានជាតិ និងអន្តរជាតិ, សិក្សា​ស្រាវជ្រាវបែបវិទ្យាសាស្ត្រលើផ្នែកសង្គមកិច្ច គ្រប់គ្រងការងារស្មុំកូនក្នុង​ប្រទេស និង អន្តរប្រទេស, ដឹកនាំ គ្រប់គ្រង និងសហការជាមួយដៃគូ អង្គការមិនមែនរដ្ឋាភិបាលនានាដែលធ្វើសកម្ម​ភាព លើវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, រៀបចំបង្កើតយន្តការជំរុញបំផុសការចូលរួម​សកម្មភាពការងារសង្គមកិច្ច សាមគ្គីធម៌សង្គម លើកទឹកចិត្តដល់ក្រុមហ៊ុន សហគ្រាសរដ្ឋ ឯកជន អង្គការមនុស្សធម៌ ដៃគូអភិវឌ្ឍ សហគមន៍ និង មហាជនដែលបានចូលរួមសកម្មភាពដើម្បីសង្គម, អនុវត្ត​ភារកិច្ច​ផ្សេងៗទៀត ដែលរាជរដ្ឋាភិបាលប្រគល់ជូនក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

ជាយន្តការគ្រប់គ្រង និងដឹកនាំការងារឱ្យមានប្រសិទ្ធភាព ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ​សម្ប​ទាតែងរៀបចំសន្និបាតបូកសរុបការងារប្រចាំឆ្នាំ និងលើកទិសដៅការងាររបស់ខ្លួនសម្រាប់ឆ្នាំថ្មី។ នៅថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបើក​សន្និបាត​បូកសរុបការ​ងារ​ឆ្នាំ២០២៣ និងលើកទិសដៅសម្រាប់ការងារឆ្នាំ២០២៤។

ពិធីបើកសន្និបាតត្រូវបានធ្វើឡើងក្រោមអធិបតីភាពរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធ​ជន និងយុវនីតិសម្បទា។ ពិធីបើកនេះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំអង្គភាពស្ថិតក្រោម​សមត្ថ​កិច្ចក្រសួង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានី-ខេត្ត ប្រធានសាខាមូលនិធិជាតិជំនួយសង្គមរាជធានី-ខេត្តទាំង២៥ ព្រមទាំង​តំណាង​ក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងអង្គការសង្គមស៊ីវិលជាដៃគូអភិវឌ្ឍន៍ទាំងជាតិ និងអន្តរជាតិផងដែរ៕

អត្ថបទដែលជាប់ទាក់ទង