ក្រសួងមហាផ្ទៃចេញសេចក្តីបំភ្លឺចំពោះការបញ្ចប់មុខតំណែងនាយនគរបាលជាន់ខ្ពស់ចំនួន៩រូប
អ្នកនាំពាក្យក្រសួងមហាផ្ទៃ សូមគូសបញ្ជាក់ជូនសាធារណជនជ្រាបថា ក្រសួងមហាផ្ទៃ បានង្កើតអគ្គនាយកដ្ឋានធនធានមនុស្ស ហើយមាននាយកដ្ឋាន ចំនួន៤ ចំណុះ។ ដោយក្នុងនោះ នាយកដ្ឋានបុគ្គលិកនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានផ្ទេរ មកចំណុះអគ្គនាយកដ្ឋានធនធានមនុស្ស ដោយប្តូរឈ្មោះទៅជានាយកដ្ឋានបុគ្គលិកមន្ត្រីនគរបាលជាតិវិញ។
ក្នុងន័យនេះ ដើម្បីរៀបចំមុខតំណែងស្របតាមរចនាសម្ព័ន្ធថ្មីនៃនាយកដ្ឋាននីមួយៗ នាយនគរបាលជាន់ខ្ពស់ទាំង៩រូប ដែលត្រូវបានបញ្ចប់មុខតំណែងនោះគឺត្រូវបានផ្ទេរសម្រួលភារកិច្ច និងតែងតាំងមុខតំណែងថ្មី ឡើងវិញ ឱ្យទៅបម្រើការងារនៅនាយកដ្ឋាននីមួយៗ ចំណុះអគ្គនាយកដ្ឋានធនធានមនុស្ស នៃក្រសួងមហាផ្ទៃ។ បន្ទាប់ពីបានបញ្ចប់មុខតំណែងចាស់ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ មន្ត្រីនគរបាលជាតិដែលមានឈ្មោះក្នុងអនុក្រឹត្យលេខ១២២១ អនក្រ.តត គឺត្រូវបានក្រសួងមហាផ្ទៃតែងតាំងមុខតំណែងថ្មី តាមរយៈប្រកាសចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ស្របតាមលក្ខណសម្បត្តិ សមត្ថភាពជំនាញ ការគោរពវិន័យ សីលធម៌ល្អ មានឆន្ទៈមោះមុត ខិតខំបំពេញភារកិច្ច និងមានការទទួលខុសត្រូវការងារខ្ពស់៕