ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជួបពិភាក្សាការងារជាមួយឯកឧត្តម Dominic Williams MBE ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានាព្រឹកថ្ងៃចន្ទ ១១រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤បានអនុញ្ញាតឱ្យឯកឧត្តម Dominic Williams MBE ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា ចូលជួបពិភាក្សាការងារ។

ក្នុងជំនួបពិភាក្សាការងារនេះ ភាគីទាំងពីរបានពិភាក្សាលើប្រធានបទសំខាន់ៗរួមមាន កិច្ចការងារវិនិយោគលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកម្ពុជា ការគាំទ្រឱ្យមានរៀបចំតំបន់សេដ្ឋកិច្ចពិសេសបៃតងនៅកម្ពុជា និងការរៀបចំកម្មវិធីអភិវឌ្ឍន៍លើវិស័យនានា ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។

ឯកឧត្តមឯកអគ្គរាជទូត តាមរយៈជំនួបនេះបានបង្ហាញសុទិដ្ឋិនិយមគាំទ្រកម្ពុជាលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធជាតិ ក៏ដូចជាជម្រុញឱ្យមានកម្មវិធីអភិវឌ្ឍន៍លើវិស័យនានាមានជាអាទិ៍លើវិស័យអប់រំ ដែលផ្ដោតលើការអប់រំក្មេងស្រី សេដ្ឋកិច្ច សុខាភិបាល សន្តិសុខនិងសុវត្ថិភាព ហើយពិសេសជាងនេះអង់គ្លេសនឹងសហការជាមួយកម្ពុជាក្នុងការរៀបចំបង្កើតឱ្យមានតំបន់សេដ្ឋកិច្ចពិសេសបៃតងសំដៅគាំទ្រការការពារបរិស្ថានដើម្បីសម្រេចបានការអភិវឌ្ឍប្រកបដោយនិរន្តរភាព។

ឆ្លើយតបលើការលើកឡើងរបស់ឯកឧត្តមឯកអគ្គរាជទូត ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបង្ហាញនូវការស្វាគមន៍យ៉ាងពេញទំហឹងចំពោះគោលបំណងរបស់អង់គ្លេសក្នុងការស្នើសុំសហការរៀបចំបង្កើតតំបន់សេដ្ឋកិច្ចពិសេសបៃតង “Green Special Economic Zone” នៅក្នុងប្រទេសកម្ពុជាដើម្បីជាការរួមចំណែកក្នុងការការពារបរិស្ថានពិភពលោក។ បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណជូនចំពោះ ឯកឧត្តមឯកអគ្គរាជទូត សម្រាប់ការគាំទ្រលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធជាតិកម្ពុជា ដោយនៅក្នុងនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអំពីគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់រួមមានទាំងគម្រោង ពង្រីកផ្លូវជាតិសំខាន់ៗតភ្ជាប់កម្ពុជាទៅប្រទេសជិតខាងរួមមានគម្រោងលើកកម្រិតផ្លូវជាតិលេខ៥ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គម្រោងសិក្សាផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត និងគម្រោងព្រែកជីកហ្វូណនតេជោដែលនឹងក្លាយជាគម្រោងផ្លូវទឹកប្រវត្តិសាស្រ្តរបស់កម្ពុជាផងដែរ។

ឆ្លៀតឱកាសក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនឯកឧត្តមឯកអគ្គរាជទូត អំពីបេសកកម្មរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងការទាក់ទាញវិនិយោគិនពីគ្រប់បណ្ដាប្រទេសមានសក្កានុពល ដែលនៅក្នុងនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញអំពីគោលបំណងក្នុងការអញ្ជើញធ្វើទស្សនកិច្ចគោះទ្វារទាក់ទាញវិនិយោគិននៅតាមបណ្តាប្រទេសនានានៅលើសកលលោក ដោយក្នុងនោះរួមមានចក្រភពអង់គ្លេសផងដែរដើម្បីទាក់ទាញវិនិយោគិនឱ្យមកបណ្តាក់ទុនវិនិយោគបន្ថែមទៀតនៅប្រទេសកម្ពុជា៕

 

អត្ថបទដែលជាប់ទាក់ទង