ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នើពលរដ្ឋ អាជីវករឲ្យដាក់កាំមេរ៉ាសុវត្ថិភាពឲ្យបានច្រើន ដើម្បីសន្តិសុខផ្ទាល់ខ្លួន និងសមត្ថកិច្ចងាយបង្ក្រាបបទល្មើស
ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ នៅព្រឹកថ្ងៃទី០៧ ខែកុម្ភះ ឆ្នាំ២០២៤នេះ បានអនុញាតិឲ្យក្រហមការងារទូរទស្សន៍ជាតិកម្ពុជា (ទទក) ចូលជួបនិងធ្វើបទសម្ភាសន៍ផ្ទាល់ អំពីការវឌ្ឍន:ភាពការងារ ការដឹកនាំ ការកសាងអង្គភាព និងការរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងសង្គមជាតិ។
នៅក្នុងកិច្ចសម្ភាសន៍នេះ បានផ្តោតសំខាន់ពីរបៀបវារៈចំនួន៥ រួមមាន៖ *ទី១-បេសកម្មការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ជូនពលរដ្ឋ,ថ្នាក់ដឹកនាំ និងការផ្តល់សេវារដ្ឋបាលសាធារណ:។ *ទី២-ការបង្ការ ទប់ស្កាត់ បទល្មើស និង សន្តិសុខតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ។ *ទី៣-វឌ្ឍន:ភាព ការដឹកនាំ ការកសាងអង្គភាព ជំរំុបន្ទាយ។ *ទី៤-ការអភិវឌ្ឍន៍ធនធានមនុស្ស និង បច្ចេកវិទ្យា។ *ទី៥-ការកសាងផែនការយុទ្ធសាស្ត្រ, ផែនការសកម្មភាព និងទិសដៅអនុវត្តបន្ត។
ក្នុងកិច្ចសម្ភាស៍ថ្ងៃនេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមមានកិច្ចសហការល្អជាមួយនគរបាល ដោយ៖ *ជួយរាយការណ៍រាល់ពេលជួបបទល្មើស *ត្រូវណែនាំកូនៗ នៅឲ្យឆ្ងាយពីគ្រឿងញៀន *ចូលរួមគោរពច្បាប់ចរាចរណ៍ *ចំពោះបងប្អូនអាជីវករ ម្ចាស់សហគ្រាស ក្រុមហ៊ុន ហាងលក់ដូរ លំនៅដ្ឋាន តាមទីប្រជុំជនត្រូវបំពាក់កាំម៉េរ៉ាសុវត្ថិភាពឲ្យបានគ្រប់គ្នាដើម្បីងាយដល់សមត្ថកិច្ចកំណត់មុខសញ្ញា និងជួយអន្តរាគមន៍បង្ក្រាបបទល្មើសបានទាន់ពេលវេលា៕